ឆ្នាំ ២០២១ កម្ពុជានាំចេញផលិតផល វាយនភណ្ឌកាត់ដេរក្នុង ទំហំទឹកប្រាក់ជាង $១១,៣ ពាន់លាន
ភ្នំពេញ៖ ការនាំចេញផលិតផល វាយនភណ្ឌកាត់ដេរនៅក្នុងឆ្នាំ ២០២១ សម្រេចបានទំហំទឹកប្រាក់ជាង $១១,៣ ពាន់លាន កើនឡើងប្រមាណជាង ១៥ % បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ ណេះបើយោងតាមទិន្នន័យពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។
GMAC បានបង្ហាញថា ក្នុងរយៈពេល ១២ ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២១ ការនាំចេញផលិតផលកាត់ដេរមានចំនួនជាង ១១ ៣៨៩ លានដុល្លារអាមេរិកកើនឡើងប្រមាណ ១ ៥០៥ លានដុល្លារអាមេរិក ស្មើនឹង ១៥,២ ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួន ៨ ០១៧ លានដុល្លារ ស្បែកជើង ១ ៣៩០ លានដុល្លារ និងផលិតផលធ្វើដំណើរ ១ ៤៩០ លានដុល្លារ ក្រៅពីនេះគឺផលិតផលវាយនភណ្ឌផ្សេងៗទៀត។
អ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក កាំង ម៉ូនីកា អគ្គលេខាធិការ បានអោយដឹងថា សមាគមបានកត់សម្គាល់ឃើញថា ថ្វីដ្បិតតែកំណើននៃការនាំចេញមានជាវិជ្ជមានមែន ប៉ុន្តែកម្រិតនៃប្រាក់ចំណេញរបស់វិស័យនេះ មិនប្រាកដថាល្អប្រសើរដូចពេលកន្លងទៅនោះទេ។
លោកបានបញ្ជាក់បន្ថែមថា៖ «យើងដឹងហើយថា ពេលនេះយើងមានការចំណាយច្រើនណាស់ទៅលើវិធានការការពារជំងឺកូវីដ ១៩ រួមផ្សំទាំងការកើនឡើងនៃតម្លៃឡូជីស្ទិក ជាពិសេសការដឹកជញ្ជូនតាមកប៉ាល់ ដូចនេះពេលខ្លះកើនខ្លាំងមែន តែមិនចំណេញ»។
លោកបានបញ្ជាក់ថា៖ «បើវិស័យការងារមានភាពច្របូកច្របល់ហើយនោះ វិស័យនេះនឹងមិនមាននិរន្តរភាព និងកំណើនបានឡើយ ទោះបីជាផ្នែកផ្សេងទៀតល្អយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ ការសម្របសម្រួលបង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈមួយដែលល្អប្រសើរ និងមានភាពចាស់ទុំ នាំមកនូវស្ថិរភាពផលិតកម្ម»។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចំពោះវិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាលជាមួយក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ដែលក្នុងនោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានចាត់ទុកជាវិស័យអាទិភាព ដោយតម្រូវឱ្យមាន នូវការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ ២០២១-២០២៤ ដែលផែនការយុទ្ធសាស្ត្រនេះនឹងធានាបាននូវនិរន្តរភាពរយៈពេលយូរ បន្តរីកចម្រើនទៅមុខ ហើយក៏អាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត៕