មេបក្សយុវជនកម្ពុជា អំពាវនាវអាជ្ញាធរមូលដ្ឋាន សូមកុំគំរាមកំហែងបេក្ខជនបក្សលោកដែលឈរឈ្មោះជាក្រុមប្រឹក្សា ឃុំ-សង្កាត់

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា អំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន ជាពិសេសលោកមេឃុំ មេភូមិ អនុភូមិ ប្រជាការពារភូមិ សូមកុំទៅគំរាមកំហែងបេក្ខជនដែលឈរឈ្មោះជាក្រុមប្រឹក្សា ឃុំ-សង្កាត់ឲ្យគណបក្សរបស់លោក​។

តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់លោកនារសៀលថ្ងៃទី៧ មិនា នេះ លោកពេជ្រ ស្រស់ បានអោយដឹងថា ខ្ញុំ ពេជ្រ ស្រស់ ក្នុងនាមប្រធានគណបក្សយុវជនកម្ពុជាសូមអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន ជាពិសេសលោកមេឃុំ មេភូមិ អនុភូមិ ប្រជាការពារភូមិកុំទៅគំរាមកំហែងបេក្ខជនដែលឈរឈ្មោះក្រុមប្រឹក្សា ឃុំ-សង្កាត់ឲ្យគណបក្សយុវជនកម្ពុជាអី ពីព្រោះទង្វើអស់លោក គឺបានដើរផ្ទុយពី រដ្ឋធម្មនុញ្ញកម្ពុជា ដែលនាំឲ្យលំហរ នៃការធ្វើនយោបាយមិនស្មើភាពគ្នាផងដែរ។

ប្រធានបក្សយុវជនរូបនេះ បន្ថែមថា ក្នុងន័យនេះសូមភាគីពាក់ពន្ធ័ នៃកិច្ចការបោះឆ្នោតនៅកម្ពុជា ជួយអន្តរាគមន៍ដល់ថ្នាក់ក្រោម ដើម្បីបញ្ឈប់នូវសកម្មភាពគំរាមកំហែងនេះផងចុះ ដើម្បីឲ្យការបោះឆ្នោតប្រកបទៅដោយរលូន និងស្មើភាពគ្នា។

សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនាឡើយ។ ក្នុងនោះគ.ជ.ប ទទួលពាក្យចុះ​បញ្ជីបេក្ខជន​របស់គណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតឃុំ​សង្កាត់ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី៥ ខែមីនា មានគណបក្សនយោបាយ ចំនួន ១៧គណបក្សហើយ បានដាក់បេក្ខជន ចូលរួមការបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី៥មិថុនា។ ក្នុងនោះ មានតែ​គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានដាក់បេក្ខជន ឈរឈ្មោះ នៅគ្រប់ ១៦៥២ឃុំសង្កាត់ នៅទូទាំង​ប្រទេស​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds