អភិបាលខេត្តព្រះសីហនុ ស្នើឥណ្ឌាជួយជំរុញអ្នកទេសចរ និងអ្នកវិនិយោគឥណ្ឌា ធ្វើដំណើរមក កម្ពុជា ពិសេសខេត្តព្រះសីហនុ
ព្រះសីហនុ៖ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែមីនា អភិបាលខេត្តព្រះសីហនុ បានស្នើឱ្យឥណ្ឌាជួយផ្សព្វផ្សាយ និងជំរុញអ្នកទេសចរ និងអ្នកវិនិយោគរបស់ខ្លួនធ្វើដំណើរមកប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើន។
លោក គួច ចំរើន បានថ្លែងថា ខេត្តព្រះសីហនុ ត្រូវរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ដោយប្រើប្រាស់សក្តានុពលពីធម្មជាតិបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ ខេត្តព្រះសីហនុត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ ដែលមានដូចជា កំពង់ផែសមុទ្រទឹកជ្រៅ និងមានអាកាសយានដ្ឋានកម្រិតអន្តរជាតិ ដែលត្រូវបានពង្រីកផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រផងដែរ។
លោកបន្ថែមថា ខេត្តព្រះសីហនុក៏មានផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២២ នេះផងដែរ។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ខេត្តព្រះសីហនុក៏ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ដោយមាន កោះចំនួន ៣២ ឆ្នេរខ្សាច់ប្រវែង ១៧៥គីឡូម៉ែត្រ និងមានព្រៃកោងកាងតាមបណ្តោយឆ្នេរទៀតផង។
លោកបាននិយាយថា៖ «ខ្ញុំស្នើឱ្យលោកស្រីជួយផ្សព្វផ្សាយ និងជំរុញអ្នកទេសចរ និងអ្នកវិនិយោគឥណ្ឌា មកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន»។
ជាមួយគ្នានេះដែរ លោក គួច ចំរើន បានសំណូមពរដល់ភាគីឥណ្ឌា ជួយជំរុញក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌា ឱ្យមកបណ្តាក់ទុនវិនិយោគដោយបង្កើតរោងចក្រផលិតឱសថព្យាបាលជំងឺកូវីដ នៅខេត្តព្រះសីហនុផងដែរ។
ជាការឆ្លើយតប លោកស្រី Devyani Utta Khobragade បានលើកឡើងពីគោលបំណងចង់ឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ជាពិសេស មកកាន់ខេត្តព្រះសីហនុ ដើម្បីជួយជំរុញអ្នកទេសចរ និងវិនិយោគឥណ្ឌា មកកាន់ខេត្តព្រះសីហនុ។ លោកស្រីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាង ឥណ្ឌា-កម្ពុជា ដែលកំពុងមាននាពេលនេះ លើវិស័យមួយចំនួនដូចជា ការដឹកជញ្ជូនទំនិញ, ឱសថ និងការថែទាំសុខភាព ការសិក្សា និងបច្ចេកវិទ្យាជាដើម៕