LDP ប្រាប់ពីមូលហេតុដែលបក្សមិនចូលរួមឈរឈ្មោះ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
ភ្នំពេញ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រកាសមិនចូលរួមឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនាឡើយ។
ចំពោះមូលហេតុ ដែលគណបក្សរបស់លោក ខឹម វាសនា សម្រេចមិនចូលរួមការបោះឆ្នោត គឺទី១-គ.ជ.ប មិនប្រគល់ឱ្យគណបក្សនយោបាយនូវលទ្ធផលបោះឆ្នោតបឋម ដែលរាប់តាមការិយាល័យបោះឆ្នោតទៀតទេ និងហេតុផលទី២ ដោយសារតែគ.ជ.ប ទទួលស្គាល់សុពលភាពសន្លឹកឆ្នោត តាមវិធីចាស់ដដែល។
សូមរម្លឹកថា គ.ជ.ប ទទួលពាក្យចុះបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី៥ ខែមីនា មានគណបក្សនយោបាយ ចំនួន ១៧គណបក្សហើយ បានដាក់បេក្ខជន ចូលរួមការបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី៥មិថុនា។ ក្នុងនោះ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានដាក់បេក្ខជន ឈរឈ្មោះ នៅគ្រប់ ១៦៥២ឃុំសង្កាត់ នៅទូទាំងប្រទេស៕