រុស្ស៉ីប្រកាសពីការកម្ទេចគោលដៅយោធារបស់អ៊ុយក្រែនបានជាច្រើន ខណៈអ៊ុយក្រែនអះអាង ពីចំនួនកងទ័ពរុស្ស៉ីស្លាប់កើនលើស ១១,០០០នាក់
(ម៉ូស្គូ)៖ នៅថ្ងៃអាទិត្យនេះ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា កងទ័ពរុស្ស៉ីបានកម្ទេចគោលដៅ នៃហេដ្ឋារចនាសម្ព័ន្ធយោធា របស់អ៊ុយក្រែនបានចំនួនកើនដល់ ២,២០៣គោលដៅ គិតចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធា ចូលក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៉ី លោកលោក អ៉ីហ្គ័រ កូណាសិនកូវ (Igor Konashenkov) បាននិយាយថា គោលដៅយោធារបស់ អ៊ុយក្រែន ដែលត្រូវបានកងទ័ពរុស្ស៉ីកម្ទេច រួមមានដូចជា យន្តហោះចតនៅលើដីចំនួន ៦៩គ្រឿង និងហោះលើអាកាសចំនួន ២៤គ្រឿង, រថក្រោះនិងរថពាសដែកផ្សេងៗចំនួន ៧៧៨គ្រឿង, ប្រព័ន្ធបាញ់រ៉ុក្កែតបានច្រើនក្នុងពេលតែមួយចំនួន ៧៧គ្រឿង, យានជំនិះយោធាពិសេស ៥៥៣គ្រឿង, កាំភ្លើងធំនិងកាំភ្លើងត្បាល់ ២៧៩គ្រឿង, ដ្រូន ៦២គ្រឿង ព្រមទាំងប្រព័ន្ធការពារដែនអាកាស, ប្រព័ន្ធប្រឆាំងយន្តហោះ ស្ថានីយរ៉ាដា និងមជ្ឈមណ្ឌលបញ្ជាការ-ទំនាក់ទំនង ជាច្រើនទៀត។
យ៉ាងណាមិញ ក្នុងសេចក្តីប្រកាសខាងលើ ពុំមានបញ្ជាក់ពីចំនួនកងទ័ពអ៊ុយក្រែន ដែលត្រូវបានសម្លាប់ ឬចំនួនកងទ័ពរុស្ស៉ីផ្ទាល់ ដែលបានបាត់បង់ជីវិត និងរងរបួសនោះឡើយ។ ប៉ុន្តែក្នុងថ្ងៃដដែលនេះ ខាងយោធាអ៊ុយក្រែន បានអះអាងថា ចំនួនកងទ័ពរុស្ស៉ីដែលបានស្លាប់ បន្តកើនលើស ១១,០០០នាក់ ហើយសព្វាវុធនិងបរិក្ខាយោធារុស្ស៉ីរាបពាន់គ្រឿង ត្រូវបានបំផ្លាញឬរឹបអូស ខណៈអ៊ុយក្រែនមិនបានរាយការណ៍ឱ្យដឹង ពីចំនួនកងទ័ពខ្លួន ដែលត្រូវបានបាត់បង់នោះទេ។
គួរបញ្ជាក់ថា ប្រតិបត្តិការយោធារបស់រុស្ស៉ីនៅអ៊ុយក្រែន បានអូសបន្លាយដល់ថ្ងៃទី១១ហើយ ស្របពេលដែល ជនភៀសអ៊ុយក្រែន ត្រូវរំពឹងថានឹងកើនដល់១.៥លាននាក់ នៅថ្ងៃអាទិត្យនេះ៕