ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅតែខ្លាំង! ឈ្នះពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេនៅកម្ពុជា» ៤ ឆ្នាំជាប់ៗគ្នា!
កាលពីរាត្រីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាននាប្រទេសសឹង្ហបុរី បានរៀបចំកម្មវិធី «ពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជា ឆ្នាំ២០១៩» ដែលជាព្រឹត្តិការណ៍ធំបំផុតសម្រាប់វិស័យអចលនទ្រព្យ បានប្រារព្ធឡើងជាលើកទី៤ នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអ្នកចូលរួមពីក្រុមហ៊ុនអចលនទ្រព្យល្បីៗផ្សេងៗទៀត។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាអ្នកឈ្នះពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេនៅកម្ពុជា» ៣ ឆ្នាំជាប់ៗកន្លងមកហើយនោះ នៅតែបន្តភាពខ្លាំងរបស់ខ្លួនសម្រាប់ក្នុងឆ្នាំទី៤ នេះ ក្រុមហ៊ុននៅតែរក្សាបាននូវពានរង្វាន់ធំជាងគេ «ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ» ៤ ឆ្នាំជាប់ៗគ្នា និងពានរង្វាន់រហូតដល់ទៅ ៧ ពានបន្ថែមទៀតច្រើនជាងគេក្នុងកម្មវិធី។
លោកឧកញ៉ា ថៃ ម៉េងលី ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា៖
«ពានរង្វាន់ទាំងអស់នេះជាសមិទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងជាពិសេសទៀតនោះ ក៏សូមអរគុណអតិថិជន ដែលតែងតែគាំទ្រជារៀងរហូតមក»។