ឈុត សេរីវ៉ាន់ថង ផ្តួលសូត្រ វាសនា ត្រឹមទឹកទី៤ ក្រសោបពានមាសនឹងប្រាក់រង្វាន់១៦លានរៀល
ភ្នំពេញ៖ កីឡាករជម្រើសជាតិប្រដាល់ឃីកបុកស៊ីងឈុត សេរីវ៉ាន់ថង ផ្តួលអ្នកប្រដាល់កំពុងឡើងជើង សូត្រ វាសនា អោយចុះចាញ់ត្រឹមទឹកទី៤ ក្រសោបបានពានមាសក្នុងកម្មវិធីអធិរាជគុនខ្មែរ រួមទាំងប្រាក់រង្វាន់១៦ លានរៀលនៅលើសង្វៀនថោន នារសៀលថ្ងៃអាទិត្យនេះ។
ឈុត សេរីវ៉ាន់ថង ធ្លាប់បានយកឈ្នះដោយពិន្ទុលើ សូត្រ វាសនា ម្តងហើយ សម្រាប់ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ នៅលើសង្វៀន CNC កាលពីឆ្នាំ ២០២១ ប៉ុន្តែកម្រិតបច្ចេកទេសនៃការប្រកួតរបស់ សូត្រ វាសនា ក្នុងការប្រកួតពាននេះ មានការរីកចម្រើនខ្លាំង គឺសូម្បីតែជើងខ្លាំង វ៉ាន់ វឿន ក៏ត្រូវ សូត្រ វាសនា ទាត់ឱ្យសន្លប់យ៉ាងលឿនផងដែរ។
មុនការប្រកួតឈុត សេរីវ៉ាន់ ថង ក៏បានសរសេរពីភាពខ្លាំងរបស់ សូត្រ វាសនា ថា៖ «ខ្ញុំធ្លាប់ជួប សូត្រ វាសនា កាលពីជិត ១ ឆ្នាំមុន ប៉ុន្តែសមត្ថភាពរបស់គាត់ពីមុន និងពេលនេះ គឺខុសគ្នាដាច់តែម្តង ព្រោះពេលនេះ គាត់មានចំណុចពិសេសត្រង់ថា ចិត្តគាត់មុតជាងមុន អាវុធគាត់ក៏ធ្ងន់ៗជាងមុន គួបផ្សំនឹងកាយសម្បទាគាត់ល្អផង ធ្វើឱ្យគាត់មួយរយៈពេលនេះ ឡើងជើងខ្លាំង ដូច្នេះការប្រកួតពានមាសលើកនេះ គឺតានតឹងបំផុត»។
សូមបញ្ជាក់ថា ឈុត សេរីវ៉ាន់ថង មុនជូបសូត្រវាសនា នៅវគ្គផ្តាចើព្រ័ត្រនេះដែលបានឈ្នះពិន្ទុ វ៉ាន់ វឿន, អេលីត ចំរើន និងបានផ្តួល សេក ចៅជូត ក្នុងទឹកទី៥ ហើយបានបន្តឈ្នះពិន្ទុជើងខ្លាំង វេង សុភ័ក្រ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណែក សូត្រ វាសនា បានផ្តួល ជ័រ ពៅ ក្នុងទឹកទី១ ឈ្នះ ម៉ន សាម៉េត នៅទឹកទី៣ និងឈ្នះពិន្ទុ វេង សុភ័ក្រ នៅក្នុងវគ្គជម្រុះ មុនពេលផ្តួល វ៉ាន់ វឿន ឱ្យបោះបង់ការប្រកួតទឹកទី១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕