រុស្ស៉ីប្រកាសផ្អាកការផ្គត់ផ្គង់ម៉ាស៉ីនគ្រាប់រ៉ុក្កែត ឱ្យសហរដ្ឋអាមេរិក ដើម្បីសងសឹកនឹងការដាក់ទណ្ឌកម្ម
(ម៉ូស្គូ)៖ ទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូកូស្មូស (Roscosmos) នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសឱ្យដឹងថា ប្រទេសរុស្ស៉ីសម្រេចបញ្ឈប់ការផ្គត់ផ្គង់ម៉ាស៉ីនគ្រាប់រ៉ុក្កែតទៅកាន់សហរដ្ឋអាមេរិកហើយ ដើម្បីសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងលើរុស្ស៉ីជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២។
ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី លោក ឌីមីទ្រី រ៉ូហ្កោហ្ស៉ីន (Dmitry Rogozin) បានបន្ថែមទៀតថា ទីភ្នាក់ងារ Roscosmos ក៏នឹងលែងបន្តផ្តល់សេវាកម្មផ្សេងៗ ដល់ម៉ាស៉ីនគ្រាប់រ៉ុក្កែត ដែលខ្លួនបានប្រគល់ឱ្យអាមេរិក នាពេលកន្លងមកផងដែរ។ មិនតែប៉ុណ្ណោះ បើតាមលោក Rogozin រុស្ស៉ីនឹងបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយអាមេរិក ជុំវិញការធ្វើពិសោធន៍នៅស្ថានីយអវកាសអន្តរជាតិ ISS ថែមទៀតផង។
គួរបញ្ជាក់ថា រ៉ុក្កែតសំខាន់ៗចំនួន២ របស់សហរដ្ឋអាមេរិក គឺពឹងផ្អែកលើការប្រើប្រាស់ម៉ាស៉ីនរុញច្រាន ដែលទិញមកពីប្រទេសរុស្ស៉ី។ ក្នុងនោះរួមមានរ៉ុក្កែត អាត់ឡាស់ ហ្វាយ (Atlas V) របស់ក្រុមហ៊ុន ULA ដែលមានតួនាទីចម្បង ក្នុងការបញ្ជូនសម្ភារៈសំខាន់ៗ របស់ក្រសួងការពារជាតិអាមេរិក ក៏ដូចជាបេសកកម្មអវកាសតម្លៃរាប់ពាន់លានដុល្លារ របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដោយរ៉ុក្កែតនេះ ប្រើប្រាស់ម៉ាស៉ីន RD-180 របស់រុស្ស៉ី។ រីឯរ៉ុក្កែត អាន់តារេស (Antares) របស់ក្រុមហ៊ុនអាមេរិក ន័សរ៉ូប ហ្ក្រាំមែន (Northrop Grumman) ក៏ប្រើម៉ាស៉ីនរបស់រុស្ស៉ីដែរ គឺប្រភេទ RD-181៕