អ្នកនាំពាក្យ ៖ ការផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វ់ើប៉ះពាល់ពាណិជ្ជកម្មរវាងកម្ពុជា-រុស្សី ទោះបីទំហំពាណិជ្ជកម្តិចតួចក៏ដោយ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានឱ្យដឹងថា ការផ្ទុះសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នឹងបង្កឲ្យមានផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-រុស្សី បើទោះបីជាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំតិចតួចក៏ដោយ។
កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី មានចំនួនជាង ៩៤.១៨ លានដុល្លារ។ កម្ពុជានាំចេញទៅរុស្ស៉ីចំនួនជាង៥៩.៥៤លានដុល្លារ ខណៈការនាំចូលពីរុស្ស៉ីវិញមានចំនួន ៣៤.៦៤ លានដុល្លារ ។ ដោយឡែកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ុយក្រែន កាលពីឆ្នាំ២០២១វិញ មានជាង៨.៥៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអ៊ុយក្រែនចំនួនជាង ៦ លានដុល្លារ និងនាំចូលពីអ៊ុយក្រែនចំនួន ២.៤លានដុល្លារ។
លោក ស៊ាង ថៃ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សង្គ្រាមដែលកំពុងផ្ទុះនៅប្រទេសអ៊ុយក្រែន នឹងបង្កឲ្យមានផលប៉ះពាល់ ជាអន្លើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-រុស្សី តែថាផលប៉ះពាល់កម្រិតណានោះ យើងមិនទាន់អាចវាយតម្លៃបាននៅពេលនេះទេ។ ទោះជាយ៉ាងណាក្ដី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បើតាមតួលេខឆ្នាំ២០២១ ស្ថិតក្នុងកម្រិតទាបនៅឡើយ»។
លោកបានឱ្យដឹងផងដែរ បច្ចុប្បន្ននេះការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស្ស៉ី មិនទាន់បានចាប់ផ្ដើមនៅឡើយទេ។ ប៉ុន្តែយ៉ាងក្តីនេះ កាលពីកន្លងទៅ កម្ពុជាបាន និងកំពុងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) ដែលមានប្រទេស៥ រួមមាន ប្រទេសអាមែននា បេឡារុស កាហ្សាក់ស្ថាន កៀហ្សីស៊ីស្ថាន និងរុស្ស៊ី។
នាជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៉ី កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមទិវាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោកឌុយបៃ កម្ពុជាបានស្នើឲ្យភាគីរុស្សីជួយជំរុញដំណើរការចរចារវាងកម្ពុជា-EAEU ឲ្យបានឆាប់ចប់ផងដែរ៕