អង់គ្លេសបញ្ជាក់ថា រុស្ស៉ីនៅតែអាចបញ្ជូនប្រេង និងឧស្ម័នទៅឱ្យខ្លួនបាន ព្រោះទណ្ឌកម្មមិនហាមហាត់នោះទេ

(ឡុងដ៍)៖ ក្រសួងដឹកជញ្ជូនអង់គ្លេស កាលពីថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា រុស្ស៉ីនៅតែបន្តបញ្ជូនប្រេងនិងឧស្ម័ន ទៅកាន់ចក្រភពអង់គ្លេសបាន ទោះបីបម្រាមត្រូវបានដាក់លើកប៉ាល់រុស្ស៉ី មិនឱ្យចូលកំពង់ផែអង់គ្លេសក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ អង់គ្លេសបានអនុម័តច្បាប់មួយ ដែលហាមឃាត់រាល់កប៉ាល់មានជាប់ពាក់ព័ន្ធជាមួយប្រទេសរុស្ស៉ី មិនឱ្យចូលកំពង់ផែរបស់ខ្លួននោះទេ ដែលវាផ្នែកនៃការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញការវាយប្រហារអ៊ុយក្រែន។ ច្បាប់នេះត្រូវអនុវត្តទៅលើកប៉ាល់ទាំងឡាយ ដែលរុស្ស៉ីជាម្ចាស់កម្មសិទ្ធិ, ជាអ្នកធ្វើប្រតិបត្តិការ, ជាអ្នកគ្រប់គ្រង, ជាអ្នកជួល ឬក៏កប៉ាល់ ដែលចុះឈ្មោះ ឬប្រើទង់ជាតិរុស្ស៉ី។

គួរបញ្ជាក់ថា យ៉ាងណាក្តី បើតាមក្រសួងដឹកជញ្ជូនអង់គ្លេស ទណ្ឌកម្មខាងលើផ្តោតតែលើកប៉ាល់ផ្ទាល់ប៉ុណ្ណោះ មិនមែនទៅលើទំនិញរបស់កប៉ាល់ឡើយ ដូច្នេះហើយមិនមានការហាមឃាត់ កប៉ាល់ដែលចុះបញ្ជីនៅប្រទេសផ្សេង ដឹកជញ្ជូនប្រេងនិងឧស្ម័នរុស្ស៉ី ទៅកាន់ចក្រភពអង់គ្លេសនោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds