កម្ពុជា ចាប់ផ្តើមយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិ
ភ្នំពេញ៖«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» រយៈពេល ៦ ខែនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅក្នុងបណ្តាខេត្តខាងកើតទន្លេមេគង្គរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ។ នេះគឺជាការប្រកាសឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នេះ។
ឯកឧត្តមបានអោយដឹងថា យុទ្ធនាការមានគោលបំណងនេះ គឺសំខាន់រួមមាន ការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិត សត្វ និងជីវិតមនុស្ស ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ។
ឯកឧត្តមនេត្រ ភក្ត្រា បន្ថែមថាស្ថានភាពនៃ ការការពារនិងអភិរក្សធនធានធម្មជាតិដែលជាទីជម្រករបស់សត្វព្រៃនៅកម្ពុជាមានភាពល្អប្រសើរ ដែលបានផ្តល់ជាជម្រក សម្រាប់សត្វព្រៃ និងជាប្រភពទឹក និងចំណីរបស់សត្វព្រៃ តែអ្វីដែលយើងត្រូវគិតគូរបន្ថែមទៀតគឺធ្វើឱ្យតំបន់ការពារធម្មជាតិ កាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃនិងជីវៈចម្រុះផ្សេង ទៀត។ អន្ទាក់គឺកត្តាដែលគំរាមកំហែង ខ្លាំងចំពោះសត្វព្រៃ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើថា បរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ២០២១ មានចំនួន ៦១៦១១ អន្ទាក់ កើនឡើងប្រមាណជាង២០% បើប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។ អន្ទាក់ដែលត្រូវបានដោះចេញ អន្ទាក់ជាឃាតកលាក់មុខដែលបន្តសម្លាប់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ព្រោះមានប្រភេទអន្ទាក់ឆក់ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទគ្រោះថ្នាក់ផ្សេងៗទៀត។
លោក គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងថា ក្នុងយុទ្ធនាការនេះសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋតាមមូលដ្ឋានដែលមានទម្លាប់ដាក់អន្ទាក់ចាប់សត្វព្រៃឱ្យងាកមកគោរពច្បាប់ និងឱ្យពួកគាត់យល់ពីតម្លៃសត្វព្រៃ ហើយរួមគ្នាមកចូលរួមអភិរក្សសត្វព្រៃដែលជាសត្វមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានជាសាកល។
លោកថាកម្ពុជាមានច្បាប់សម្រាប់ដាក់ទោសវិន័យហើយនិងសម្រាប់បទល្មើសដាក់អន្ទាក់គឺជាច្បាប់ល្មើសធនធានធម្មជាតិថ្នាក់លេខ៣ដែលក្នុងនេះមានទាំងការផាកពិន័យនិងទោសទណ្ឌ ដោយក្នុងនេះអាចប្រឈមនឹងជាប់ពន្ធនាគារពី១-៥ឆ្នាំ និងពិន័យជាប្រាក់ពី១៥លានដល់១៥០លានរៀល។ ក្នុងយុទ្ធនាការនេះគឺយើងនឹងរួមគ្នាធ្វើឡើងរយៈពេល៦ខែ ហើយក្នុងអំឡុងពេលនេះយើងនឹងឱ្យអាជ្ញាធរមូលដ្ឋាននិងសហគមន៍រួមគ្នាទប់ស្កាត់ក៏ដូចជាអប់រំផ្សព្វផ្សាយឱ្យពួកគាត់យល់ច្បាស់ពីច្បាប់ ពីទោសទណ្ឌនិងរួមទាំងតម្លៃរបស់សត្វព្រៃ។
ជាមួយគ្នានេះលោក សេង ទៀក ប្រធានអង្គការ WWF បានឱ្យដឹងថា បច្ចុប្បន្នអន្ទាក់ដែលត្រូវបានគេដោះនៅតាមតំបន់ការពារធម្មជាតិបានត្រឹមតែ២០ភាគរយប៉ុណ្ណោះហើយចំនួន៨០ភាគរយទៀតមិនទាន់បានដោះដែលជនល្មើសបានដាក់នៅតាមតំបន់ធនធានធម្មជាតិនានានៅប្រទេសកម្ពុជា។ តាមរបាយការណ៍ឆ្នាំ ២០២០នៅតាបន់អាស៊ីអាគ្នេយ៍មានអន្ទាក់ប្រមាណ១២លានអន្ទាក់ដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាមឡាវ ថៃនិងកម្ពុជាដែលកំពុងគំរាមកំហែងសត្វព្រៃ។ដោយអន្ទាក់ទាំងនេះគឺជាដមចមធ្វើឱ្យបាត់បង់នូវសត្វកម្រៗក្នុងលោកដូចជា ខ្លា ខ្លារខិន ខ្លាពពកស ឆ្កែព្រៃ ខ្លាឃ្មុំជាដើម។ ប្រធានអង្គការរូបនេះចង់ឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់ចំពោះជនល្មើសសម្លាប់សត្វព្រៃកម្រ ក៏ដូចជាភោជនីយដ្ឋានឬតំបន់នានាដែលបានជួញដូរសត្វព្រៃ ដែលទាំងនេះសំដៅធ្វើយ៉ាងណាការពារសត្វព្រៃកម្ពុជាមិនឱ្យបាត់បង់ពូជនៅថ្ងៃខាងមុខ៕