រំជួលចិត្ត! ភរិយាប្រធានាធិបតីអ៊ុយក្រែន ប្រកាសជំហររឹងមាំ នៅក្បែរគ្រួសារ និងពលរដ្ឋ មិនរត់យកសុខទេ
មហាជនបានសម្ដែងក្ដីសោកស្ដាយជាខ្លាំង ក្រោយកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ប្រទេសមហាអំណាចយោធា រុស្សី បានបាញ់មីស៊ីល ទៅកាន់ទឹកដីប្រទេសអ៊ុយក្រែន បង្កទៅជាសមរភូមិដ៏ក្ដៅគគុក។
ខណៈពេលដែលសង្រ្គាមកំពុងឆាបឆេះ ក្នុងប្រទេសអ៊ុយក្រែន ប្រធានាធិបតី Volodymyr Zelenskyy បានបង្ហាញពីឆន្ទៈមោះមុត ចំពោះអ្នកគាំទ្រជាច្រើន ដោយបានបន្តនៅក្នុងប្រទេសនេះមិនចាកចេញចោលប្រជាជនឡើយ បើទោះបីជាខ្លួនលោកជាគោលដៅចម្បងសម្រាប់ការឈ្លានពានរបស់រុស្ស៊ីក៏ដោយ។
ទន្ទឹមនឹងនោះ ភរិយារបស់លោក គឺលោកស្រី Olena Zelenska ក៏បានប្រកាសតាមរយៈការបង្ហោះនៅក្នុង IG កាលពីថ្ងៃសុក្រ ឱ្យបានដឹងថា ៖ «ខ្ញុំនឹងមិនមានការភ័យស្លន់ស្លោ និង ទឹកភ្នែកទេ។ ខ្ញុំនឹងស្ងប់ស្ងាត់ និង ជឿជាក់។ កូនរបស់ខ្ញុំកំពុងសម្លឹងមើលខ្ញុំ។ ខ្ញុំនឹងនៅក្បែរពួកគេ នៅក្បែរស្វាមីរបស់ខ្ញុំ និង នៅក្បែរអ្នកទាំងអស់គ្នា»។
យ៉ាងណាមិញ នេះជាគោលជំហរយ៉ាងរឹងមាំរបស់ភរិយាថ្នាក់ដឹកនាំប្រទេសអ៊ុយក្រែន ខណៈដែលពេលនេះ លោកស្រី Olena Zelenska ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងទីតាំងមិនបញ្ចេញឈ្មោះ ក្នុងប្រទេសអ៊ុយក្រែន ខណៈប្តីរបស់លោកស្រី ប្រធានាធិបតី Volodymyr Zelenskyy និយាយថា នាង និង កូនៗរបស់ពួកគេ ត្រូវបានកំណត់គោលដៅ ដោយពួកឈ្លានពានរុស្ស៊ីផងដែរ៕