អភិបាលខេត្តព្រះសីហនុ៖ ទេសចរណ៍រុស្ស៊ីមកកាន់ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីទេសចរណ៍ចិន និងវៀតណាម

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អះអាងថា ទេសចរណ៍រុស្ស៊ីមកកាន់ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីទេសចរណ៍ចិន និងវៀតណាម ជាមួយគ្នានេះដែរ ឯកឧត្តមជំរុញអោយរុស្សី ជួយជំរុញទេសចរណ៍រុស្ស៊ីមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ។

ថ្លែងក្នុងជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ី ឯកឧត្តម គួច ចំរើន បានអោយដឹងថា កន្លងមករដ្ឋាភិបាលរុស្ស៊ី បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជានៅចងចាំនូវអ្វីដែលរុស្ស៊ីបានជួយកម្ពុជាក្នុងការកសាងប្រទេសឡើងវិញ នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩។ រុស្ស៊ីបានជួយសម្ភារៈ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា ហើយកន្លងមកក៏មានរដ្ឋមន្ត្រី និងអភិបាលខេត្តមួយចំនួន បានទៅទទួលបណ្តុះបណ្តាលនៅប្រទេសរុស្ស៊ីផងដែរ។ ដោយឡែកទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងរុស្ស៊ីនៅមានកម្រិតតូចនៅឡើយ តាមរយៈដំណើរទស្សនៈកិច្ចនេះ សូមឯកឧត្តមជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មមកកាន់កម្ពុជាបន្តទៀត។

ឯកឧត្តមបន្ថែមថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលសក្តានុពលនេះបានផ្តល់ឱកាសដល់អ្នកវិនិយោគជាច្រើន មកបណ្តាក់ទុននៅខេត្តព្រះសីហនុ ក្នុងនោះក៏មានអ្នកវិនិយោគរុស្សីផងដែរ ដែលមកវិនិយោគលើវិស័យទេសចរ ជាពិសេសការវិនិយោគនៅកោះក្របី ក្នុងឃុំរាម ស្រុកព្រៃនប់ ដែលមានភាពល្បីល្បាញ ដោយបានរៀបចំយ៉ាងប្រណិត និងការថែទាំបរិស្ថានជាគំរូក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។

ចំណែកលោក Alexey Chepa ថ្លែងថាជំនូបនេះ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវប្បធម៌ ឱ្យកាន់តែល្អថែមទៀត។ លោកបានកោតសរសើរដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប និងសំណង់អគារខ្ពស់ជាច្រើន។

លោកបានបន្តថា កាលពីលោកមកកាន់ខេត្តព្រះសីហនុកាលពីប៉ុន្មានឆ្នាំមុន មិនសូវឃើញមានជនជាតិរុស្ស៊ីច្រើនទេ បន្ទាប់ពីការផ្សព្វផ្សាយរបស់ទេសចរណ៍រុស្ស៊ី បង្ហាញពីការស្វាគមន៍រាក់ទាក់របស់ប្រជាជនកម្ពុជា ធ្វើឱ្យអ្នកទេសចរណ៍រុស្ស៊ីចង់មកកម្ពុជាកាន់តែច្រើន។

លោកសង្ឃឹមថា ទេសចរណ៍រុស្ស៊ី នឹងបង្វែរមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ កាន់តែច្រើនឡើង។ទន្ទឹមនោះលោក មានបំណងអញ្ជើញប្រតិភូខេត្តព្រះសីហនុ ទៅទស្សនៈកិច្ចនៅប្រទេសរុស្ស៊ី និងប្រតិភូរុស្ស៊ីមកទស្សនៈកិច្ចខេត្តព្រះសីហនុ ដើម្បីចងសម្ព័ន្ធភាពទីក្រុងព្រះសីហនុ និងទីក្រុង​ Veliky Novgorod នៃប្រទេសរុស្ស៊ីនៅពេលខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds