សហរដ្ឋអាមេរិក និង NATO ថ្កោលទោសលោក ពូទីន និងហៅការដាក់នុយក្លេអ៊ែរ ឲ្យប្រុងជើងការកម្រិតខ្ពស់នោះថាជា «ទង្វើគ្រោះថ្នាក់ និងមិនអាចទទួលយកបាន»

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងអង្គការ NATO បានថ្កោលទោសការបញ្ជា របស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ឲ្យដាក់កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី នៅក្នុងលក្ខណៈប្រុងជើងការកម្រិតខ្ពស់ និងបានហៅការធ្វើបែបនេះថា ជារឿងគ្រោះថ្នាក់ និងមិនអាចទទួលយកបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងការបញ្ជាឲ្យដាក់កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី នៅក្នុងលក្ខណៈប្រុងជើងការកម្រិតខ្ពស់នោះ, លោក ពូទីន បានលើកឡើងថា វាជាការឆ្លើយតបចំពោះ សេចក្តីថ្លែងការណ៍បែបគគ្លើននានា របស់ក្រុមប្រទេសសម្ព័ន្ធមិត្តអង្គការ NATO និងការបង្កើនការដាក់ទណ្ឌកម្ម ពីសំណាក់បណ្តាប្រទេសលោកខាងលិច។

ជុំវិញបញ្ហាខាងលើនេះ, លោកស្រី លីនដា ថូម៉ាស់ ហ្គ្រីនហ្វៀលដ៍ (Linda Thomas-Greenfield) អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងនៅថ្ងៃអាទិត្យ (ម៉ោងនៅញូយ៉ក) ថា សកម្មភាពរបស់លោក ពូទីន ទាំងនេះ គឺជាការបង្កើនជម្លោះ និងជារឿងដែលមិនអាចទទួលយកបាន។ លោកស្រីបានបន្តទៀតថា សហរដ្ឋអាមេរិកបាននិងកំពុងបន្តស្វែងរក ការដាក់ទណ្ឌកម្មថ្មីៗ និងធ្ងន់ធ្ងរជាងមុនប្រឆាំងនឹងរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds