ប្រតិភូរុស្ស៊ី ធ្វើដំណើរទៅដល់បេឡារុសហើយ ដើម្បីចរចាជាមួយអ៊ុយក្រែន

(ម៉ូស្គូ)៖ ប្រតិភូរុស្ស៊ីមួយក្រុម បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយ ដើម្បីបើកកិច្ចចរចាជាមួយអ៊ុយក្រែន នៅចំពោះមុខសង្រ្គាម កាន់តែក្ដៅគគុក។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Ifax នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាម Ifax វាអាចនឹងក្លាយជាកិច្ចចរចាលើកដំបូងរវាងរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីទីក្រុងម៉ូស្គូបើកប្រតិបត្តិការយោធា កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីមួយនេះ ដោយផ្អែកលើការស្រង់សម្ដីពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថាប្រតិភូរុស្ស៊ី ក្នុងនោះរួមមានមន្ត្រីមកពីក្រសួងការបរទេស និងក្រសួងការពារជាតិ ព្រមទាំងការិយាល័យប្រធានាធិបតីលោក ពូទីន បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយ នៅថ្ងៃអាទិត្យនេះ ដើម្បីរង់ចាំជួបចរចាជាមួយសមាភាគីអ៊ុយក្រែន ក្នុងទីក្រុង ហ្គូមែល (Gomel)៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds