កូរ៉េខាងជើង ចោទអាមេរិក ថាជាដើមហេតុធ្វើឱ្យសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ផ្ទុះឡើង

(ព្យុងយ៉ាង)៖ កូរ៉េខាងជើង បានថ្កោលទោស និងចោទប្រកាន់ថាសកម្មភាពរបស់សហរដ្ឋអាមេរិក គឺជាដើមហេតុបង្កឱ្យមានវិបត្តិអ៊ុយក្រែន រហូតផ្ទុះទៅជាសង្រ្គាមដូចសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ដូច្នេះថា «ដើមហេតុ ដែលហេតុដែលបង្កឱ្យមានវិបត្តិអ៊ុយក្រែន គឺមានជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានការដាក់ទណ្ឌកម្ម និងសម្ពាធឯកតោភាគី ខណៈបន្តព្យាយាមគ្រប់គ្រងពិភពលោក និងធ្វើជាមហាអំណាចយោធាខ្លាំងផ្ដាច់គេ ដោយច្រានចោលសំណើស្របច្បាប់របស់រុស្ស៊ី ជុំវិញការធានាសន្តិសុខ»

គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះត្រូវបានគេរាយការណ៍ថាទំនងជាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចំពេល មានការបារម្ភថាទីក្រុងព្យុងយ៉ាងនឹងឆ្លៀតឱកាសដែលពិភពលោក កំពុងផ្តោតលើសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបង្កើនការអភិវឌ្ឍ មីស៊ីល និងកម្មវិធីអាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds