ចិន ឌឺដងអាមេរិក ដោយសួរថាតើនរណាជាអ្នកគំរាមកំហែងពិភពលោកពិតប្រាកដ?
(ម៉ូស្គូ)៖ ខណៈស្ថានការណ៍សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី កាន់តែឡើងកម្ដៅ ចិនឯណេះវិញបានឆ្លៀតឌឺដងសហរដ្ឋអាមេរិក ជុំវិញថាតើ នរណាជាអ្នកគំរាមកំហែងពិភពលោកពិតប្រាកដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រតិកម្មខ្លាំងៗរបស់ចិន កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងឱ្យធ្វើនាវាចរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់។ ស្ថានទូតចិនប្រចាំទីក្រុងម៉ូស្គូ បានបង្ហោះសាររបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijiang នៅលើបណ្ដាញ Twitter អមជាមួយរូបភាពនៃបញ្ជីទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក រាប់ចាប់តាំងពីឆ្នាំ១៩៥០ រហូតដល់ឆ្នាំ២០១៥។
នៅក្នុងបញ្ជីខាងលើដែលមានចំណងជើងជាភាសាអង់គ្លេសថា «The Democracy World Tour» ឬ ដំណើរកម្សាន្តប្រជាធិបតេយ្យជុំវិញពិភពលោក បានរំឮកឡើងវិញនូវប្រតិបត្តិការយោធារបស់អាមេរិកពីអតីតកាល រាប់ចាប់ពីការទម្លាក់គ្រាប់បែក នៅក្នុងសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣), កម្ពុជា (១៩៦៩-១៩៧០), ឡាវ (១៩៦៤-១៩៧៣), វៀតណាម (១៩៦១-១៩៧៣) រហូតដល់សង្រ្គាមស៊ីរី (ឆ្នាំ២០១៥)៕