កូរ៉េខាងជើង ទំនងជាបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ខណៈពិភពលោកកំពុងតាមដានស្ថានការណ៍អ៊ុយក្រែន
(សេអ៊ូល)៖ កូរ៉េខាងជើង ទំនងជាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ នៅព្រឹកថ្ងៃអាទិត្យនេះ ហើយនេះអាចនឹងក្លាយជាការធ្វើ តេស្ដមីស៊ីលជាលើកដំបូងបំផុត ចាប់តាំងពីទីក្រុងព្យុងយ៉ាង ដឹកនាំការធ្វើតេស្ដអាវុធឡើងវិញជាបន្តបន្ទាប់កាលពីថ្ងៃមករាកន្លងទៅនេះ។ នេះបើតាមឆ្មាំសមុទ្រជប៉ុន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
យោធាកូរ៉េខាងត្បូង ក៏បានរាយការណ៍ផងដែរថាកូរ៉េខាងជើងបានបាញ់អាវុធមិនស្គាល់ម៉ាកមួយគ្រាប់ ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត តែមិនបានបញ្ជាក់អ្វីលម្អិតទេ។
ការធ្វើតេស្ដអាវុធរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ កើតមានឡើងនៅសល់ពេលមិនដល់២សប្ដាហ៍ទៀតទេ មុននឹងការបោះឆ្នោតប្រធានាធិបតី កូរ៉េខាងត្បូង ប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែមីនាខាងមុខនេះ ខណៈមានការបារម្ភថាទីក្រុងព្យុងយ៉ាងនឹងឆ្លៀតឱកាសអភិវឌ្ឍមីស៊ីល ស្របពេល អន្តរជាតិកំពុងផ្តោតលើសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕