កងទ័ពរុស្ស៉ី ទទួលបានបញ្ជាឱ្យបង្កើនការវាយលុកពីគ្រប់ទិសដៅទាំងអស់ ក្រោយទីក្រុងម៉ូស្គូចោទថា អ៊ុយក្រែនបដិសេធការចរចា

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃសៅរ៍នេះ បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា កងកម្លាំងយោធារបស់រុស្ស៉ី ទើបទទួលបានបញ្ជាឱ្យបង្កើនការវាយប្រហារកាន់តែខ្លាំងថែមទៀត នៅក្នុងប្រទេសអ៊ុយក្រែន ពីគ្រប់ទិសដៅទាំងអស់ បន្ទាប់ពីអ៊ុយក្រែនមិនព្រមព្រៀងលើ ការបើកកិច្ចចរចានៅក្នុងប្រទេសបេឡារុស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យយោធារុស្ស៉ី លោក អ៉ីហ្គ័រ កូណាសិនកូវ (Igor Konashenkov) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «បន្ទាប់ពីភាគីអ៊ុយក្រែន បានច្រានចោលដំណើរការចរចាគ្នា នៅថ្ងៃនេះ កងកម្លាំងយោធារុស្ស៉ីទាំងអស់ ត្រូវបានបង្គាប់ឱ្យបង្កើនការវាយលុក របស់ពួកគេពីគ្រប់ទិសដៅទាំងអស់ ដោយស្របទៅតាមផែនការនៃប្រតិបត្តិការយោធារបស់យើង»

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) គឺខាងអ៊ុយក្រែន បានបដិសេធការស្នើឱ្យចូលចរចា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ហើយលោកថែមទាំងបានអះអាងទៀតថា តាមពិតលោក ពូទីន បានបញ្ជាឱ្យផ្អាកការវាយប្រហាររបស់រុស្ស៉ី ជាបណ្តោះអាសន្នកាលពីថ្ងៃសុក្រម្សិលមិញ ប៉ុន្តែលោកបានបញ្ជាឱ្យបន្តឡើងវិញនៅថ្ងៃសៅរ៍នេះ ក្រោយការបដិសេធរបស់អ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds