របាយការណ៍ពីអ៊ុយក្រែន៖ ជនស៊ីវិល ១៩៨នាក់ស្លាប់ និង ១,១១៥នាក់រងរបួស ដោយសារកងទ័ពរុស្ស៉ី វាយប្រហារ

(កៀវ)៖ ក្រសួងសុខាភិបាលអ៊ុយក្រែន បានបញ្ចេញរបាយការណ៍ថ្មីមួយ នៅថ្ងៃសៅរ៍នេះថា ជនស៊ីវិលស្លូតត្រង់ ១៩៨នាក់បានស្លាប់ (៣នាក់ជាកុមារ) និង ១,១១៥នាក់ទៀតរបួស (៣៣នាក់ជាកុមារ) ដោយសារតែការឈ្លានពាន ពីសំណាក់កងទ័ពរុស្ស៊ីមកលើទឹកដីអ៊ុយក្រែន គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាយប់ថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

របាយការណ៍ខាងលើនេះ ក៏ត្រូវបានបង្ហោះផងដែរនៅលើបណ្តាញសង្គម Facebook ដោយរដ្ឋមន្ត្រីសុខាភិបាលអ៊ុយក្រែន លោក វីកទ័រ លីយ៉ាសកូ (Viktor Lyashko) នៅថ្ងៃសៅរ៍នេះ ខណៈការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក រវាងកងទ័ពអ៊ុយក្រែន និងរុស្ស៊ី ឈានចូលថ្ងៃទី៣។

គួរបញ្ជាក់ថា តាមរយៈវីដេអូកាលពីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅអ៊ុយក្រែន) បានបង្ហាញថា លោកប្រធានាធិបតីអ៊ុយក្រែន កំពុងស្ថិតនៅពីមុខការិយាល័យរបស់លោក នៅក្នុងរដ្ឋធានីកៀវ។ កំលុងការបង្ហោះផ្សាយវីដេអូលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី ខាងលើនេះ សំឡេងផ្ទុះ, ស្នូរកាំភ្លើង និងការវាយប្រហារតាមផ្លូវការ ត្រូវបានគេរាយការណ៍ថា នៅតែបន្តកើតមាននៅតាមជាយរដ្ឋធានីកៀវដដែល។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានបញ្ចេញវីដេអូថ្មីចុងក្រោយ នៅថ្ងៃសៅរ៍នេះ គឺដើម្បីច្រានចោលព័ត៌មានមិនពិតមួយចំនួន ដែលបានចុះផ្សាយថា លោកព្រមទម្លាក់អាវុធចុះចាញ់រុស្ស៊ី ហើយរត់ភៀសខ្លួន។ ដោយឡែក, សម្រាប់ការរៀបចំកិច្ចចរចារវាងប្រទេសទាំងពីរវិញនោះ គឺមិនទាន់លេចចេញតំរុយនៅឡើយទេ ប៉ុន្តែយោធារុស្ស៊ីបានបង្ហើប កាលពីថ្ងៃសុក្រម្សិលមិញនេះថា ខ្លួនមិនអាចចូលតុចរចាទៅរួចឡើយ ប្រសិនបើកងទ័ពអ៊ុយក្រែន មិនព្រមបញ្ឈប់ការវាយប្រហារតបត៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds