កងទ័ពរុស្ស៊ីវាយយកបានទីក្រុងមួយ នៅភាគអាគ្នេយ៍អ៊ុយក្រែន នៅថ្ងៃសៅរ៍នេះ និងកំពុងបន្តសម្រុកចូលរដ្ឋធានីកៀវ!
(កៀវ)៖ កងទ័ពរុស្ស៊ីបានប្រកាសថា ខ្លួនទើបតែបានដណ្តើមយកទីក្រុង មេលីតូប៉ូល (Melitopol) ស្ថិតនៅភាគនិរតីប្រទេសអ៊ុយក្រែន នៅក្នុងថ្ងៃសៅរ៍នេះ ខណៈការវាយប្រហារដោយគ្រាប់មីស៊ីល និងកាំភ្លើងធំកំពុងបន្ត នៅតាមទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែន ក្នុងនោះរួមទាំងរដ្ឋធានីកៀវ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
យ៉ាងណាក៏ដោយ, ខាងភាគីអ៊ុយក្រែនមិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការអះអាងរបស់កងទ័ពរុស្ស៊ី ជុំវិញការដណ្តើមបានទីក្រុង Melitopol ដែលមានប្រជាជនរស់នៅប្រមាណ ១៥០,០០០នាក់នោះឡើយ។ Melitopol គឺជាទីក្រុងចម្បងមួយ ដែលរុស្ស៊ីបានអះអាងពីការក្រសោបយកមកគ្រប់គ្រង គិតចាប់តាំងពីការវាយលុកអ៊ុយក្រែន ចាប់ផ្តើមឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ។
ដោយឡែកសម្រាប់រដ្ឋធានីកៀវវិញ, អភិបាលទីក្រុងកៀវ លោក វីតាលី គ្លីតសាកូ (Vitaly Klitschko) បានអះអាងនៅថ្ងៃសៅរ៍នេះថា គ្មានកងទ័ពរុស្ស៊ីណាម្នាក់ ស្ថិតនៅក្នុងទីក្រុងរបស់លោកនោះឡើយ ប៉ុន្តែពួកគេកំពុងព្យាយាមចូលមកកាន់ទីនេះ តាមទិសដៅមួយចំនួន។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី ក៏ទើបតែបានបញ្ចេញវីដេអូថ្មីចុងក្រោយ នៅថ្ងៃសៅរ៍នេះផងដែរ ដើម្បីច្រានចោលព័ត៌មានមិនពិតមួយចំនួន ដែលបានចុះផ្សាយថា លោកព្រមទម្លាក់អាវុធចុះចាញ់រុស្ស៊ី ហើយរត់ភៀសខ្លួន៕