ប្រធានាធិបតីអ៊ុយក្រែនប្រាប់អាមេរិកថា លោកត្រូវការគ្រាប់ដើម្បីប្រយុទ្ធ មិនមែនត្រូវការគេជួយនាំរត់ភៀសខ្លួននោះទេ
(វ៉ាស៉ីនតោន)៖ មន្រ្តីរដ្ឋាភិបាលអាមេរិកបានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលែនស្គី (Volodymyr Zelensky) បានបដិសេធបំណងរបស់សហរដ្ឋអាមេរិក ក្នុងការជួយជម្លៀសរូបលោកចេញពីរដ្ឋធានីកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
យោងតាមមន្រ្តីជាន់ខ្ពស់អាមេរិកផ្នែកចារកម្មម្នាក់ ក្រោយបដិសេធបំណងខាងលើ លោកប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ៗថា សមរភូមិគឺស្ថិតនៅទីនេះ ហើយលោកត្រូវការគ្រាប់ប្រឆាំងរថក្រោះ ពុំមែនត្រូវការយានជំនិះទៅដឹករូបលោក រត់ភៀសខ្លួននោះឡើយ។ នៅថ្ងៃសៅរ៍នេះ លោក Zelensky បានបន្តបង្ហោះឃ្លីបដេអូ ដោយអះអាងថា រូបលោកស្ថិតនៅទីក្រុងកៀវដដែល ដោយមិនលើកទង់ចុះចាញ់ ឬក៏រត់យករួចខ្លួនដាច់ខាត ហើយលោកទទូចឱ្យគ្រប់គ្នាតស៊ូជម្នះ ដើម្បីការពារប្រទេសជាតិ ក្នុងគ្រាដ៏សែនលំបាកនេះ។
គួរបញ្ជាក់ថា នៅថ្ងៃទី៣នេះ នៃប្រតិបត្តិការយោធារបស់រុស្ស៉ីក្នុងប្រទេសអ៊ុយក្រែន សំឡេងផ្ទុះ, ស្នូរកាំភ្លើង និងការវាយប្រហារពីផ្លូវអាកាស ត្រូវបានគេរាយការណ៍ថា នៅតែបន្តកើតមាននៅតាមជាយរដ្ឋធានីកៀវដដែល។ យោធារុស្ស៊ីនៅថ្ងៃសៅរ៍នេះដែរថា បានអះអាងថា ខ្លួនបានបាញ់គ្រាប់មីស៊ីលពីលើអាកាស និងពីមូលដ្ឋានលើដែនសមុទ្រ ដាក់មូលដ្ឋានយោធានានារបស់អ៊ុយក្រែន។ ដោយឡែក, សម្រាប់ការរៀបចំកិច្ចចរចារវាងប្រទេសទាំងពីរវិញនោះ គឺមិនទាន់លេចចេញតំរុយនៅឡើយទេ៕