ប្រធានាធិបតីអ៊ុយក្រែនថតវីដេអូ selfie ពីទីក្រុងកៀវ និងអះអាងថា «ខ្ញុំនៅទីនេះ, ខ្ញុំមិនទម្លាក់អាវុធនោះទេ»
(កៀវ)៖ បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានប្រកាសថា ពួកគេបាននិងកំពុងទប់ទល់កងទ័ពរុស្ស៊ី មិនឲ្យចូលមកកាន់រដ្ឋធានីកៀវនោះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskyy) បានចេញមុខតាមរយៈខ្សែវីដេអូ selfie មួយដោយនិយាយថា «ខ្ញុំនៅទីនេះ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
ខ្សែវីដេអូខាងលើនេះ ក៏ត្រូវបានបង្ហោះផងដែរនៅលើបណ្តាញសង្គម Facebook ដោយលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានប្តេជ្ញាថា នឹងបន្តការប្រយុទ្ធឲ្យដល់ទីបំផុត។ លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «ខ្ញុំនៅ ទីនេះ។ យើងនឹងមិនដាក់អាវុធចុះឡើយ។ យើងនឹងការពារប្រទេសរបស់យើង ព្រោះអាវុធរបស់យើង គឺជាភាពពិតរបស់យើង»។
លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងទៀតថា «ការពិតរបស់យើង គឺនេះជាទឹកដីរបស់យើង, ប្រទេសរបស់យើង, កូនចៅរបស់យើង ហើយយើងនឹងការពារអ្វីៗទាំងអស់នេះ។ នេះជាអ្វីដែលខ្ញុំចង់ប្រាប់អ្នក។ សូមពរជ័យមានដល់អ៊ុយក្រែន!»។
ការចេញមុខថ្លែងដោយផ្ទាល់របស់លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី ក៏ដើម្បីច្រានចោលព័ត៌មានមិនពិតមួយចំនួន ដែលបានចុះផ្សាយថា លោកបានប្រាប់កងទ័ពឲ្យដាក់អាវុធចុះ និងប្រគល់ខ្លួនឲ្យរុស្ស៊ី ឬក៏លោកបានរត់គេចខ្លួនបាត់ទៅហើយ។ វីដេអូនៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅអ៊ុយក្រែន) បានបង្ហាញថា លោកប្រធានាធិបតីអ៊ុយក្រែន កំពុងស្ថិតនៅពីមុខការិយាល័យរបស់លោក នៅក្នុងរដ្ឋធានីកៀវ។
គួរបញ្ជាក់ថា កំលុងការបង្ហោះផ្សាយវីដេអូលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី ខាងលើនេះ សំឡេងផ្ទុះ, ស្នូរកាំភ្លើង និងការវាយប្រហារតាមផ្លូវការ ត្រូវបានគេរាយការណ៍ថា នៅតែបន្តកើតមាននៅតាមជាយរដ្ឋធានីកៀវដដែល។ យោធារុស្ស៊ីបានអះអាងនៅថ្ងៃសៅរ៍នេះថា ខ្លួនបានបាញ់គ្រាប់មីស៊ីលពីលើអាកាស និងពីមូលដ្ឋានលើដែនសមុទ្រ ដាក់មូលដ្ឋានយោធានានារបស់អ៊ុយក្រែន។ ដោយឡែក, សម្រាប់ការរៀបចំកិច្ចចរចារវាងប្រទេសទាំងពីរវិញនោះ គឺមិនទាន់លេចចេញតំរុយនៅឡើយទេ៕