កងទ័ពអ៊ុយក្រែនអះអាងថា ទ័ពរុស្ស៉ីបានព្យាយាមវាយលុកលើមូលដ្ឋានទ័ព ដ៏សំខាន់នៅទីក្រុងកៀវ, ប៉ុន្តែទ័ពអ៊ុយក្រែនបានទប់ស្កាត់វិញ នៅពេលទាបភ្លឺថ្ងៃសៅរ៍នេះ!

(កៀវ)៖ យោធាអ៊ុយក្រែនបានអះអាងនៅពេលទាបភ្លឺថ្ងៃសៅរ៍ (ម៉ោងនៅទីក្រុងកៀវ) ថា ទាហានរុស្ស៊ីបានព្យាយាមវាយប្រហារលើមូលដ្ឋានទ័ព ដែលមានទីតាំងនៅតាមដង វិថីដ៏សំខាន់មួយក្នុងរដ្ឋធានីកៀវ (Kyiv) ប៉ុន្តែការវាយប្រហារនេះ ត្រូវបានកងទ័ពអ៊ុយក្រែនទប់ស្កាត់វិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

ដោយឡែកពីព័ត៌មានខាងលើនេះ, សារព័ត៌មាន Interfax របស់អ៊ុយក្រែនបានចេញផ្សាយថា កងទ័ពរុស្ស៊ីបានព្យាយាមរឹបអូសស្ថានីយមួយ ក្នុងចំណោមស្ថានីយផ្គត់ផ្គង់អគ្គិសនីនានា របស់ទីក្រុងកៀវ។ វាបានកើតមានឡើង ក្រោយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskyy) បានថ្លែងនៅពេលរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ (ម៉ោង នៅទីក្រុងកៀវ) នេះថា កងទ័ពរុស្ស៊ីនឹងប្រឹងក្រសោបយករដ្ឋធានីកៀវ នៅកំលុងយប់នេះហើយ។

កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន បានបង្ហោះសារនៅលើគណនី Facebook របស់ពួកគេថា «ក្រុមឧក្រិដ្ឋជនយោធានៃប្រទេសរុស្ស៊ី បានវាយប្រហារអង្គភាពយោធាមួយក្នុងទីក្រុងគៀវ ស្ថិតនៅតាមវិថីជ័យជំនះ។ តែការវាយប្រហារនោះ ត្រូវបានទប់ស្កាត់វិញ»។ យ៉ាងណាក៏ដោយ, មិនទាន់ប្រភពណាអាចបញ្ជាក់អំពី ស្ថានការណ៍វិវឌ្ឍបន្ថែមពីនេះទៀត ដែលបាននិងកំពុងកើតឡើង នៅទីក្រុងកៀវនោះឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds