រដ្ឋមន្ត្រី RCEP សន្យា​​ខិតខំ​ប្រឹងប្រែង​សម្រេច​បានឲ្យ​កិច្ចព្រមព្រៀង​នៅ​ឆ្នាំ​នេះ

ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ម៉ោង 04:00 PM

(ដោយ៖ យឺន សីហា)

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Kyodo News កាលពី​ថ្ងៃ​ទី ៣​កន្លង​មក​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​មក​ពី​ប្រទេស​ទាំង ១៦ ដែល​កំពុង​តែ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​អាស៊ី​បាន​សន្យា​កាលពី​ថ្ងៃ​សៅរ៍​មក​ថា​ពួក​គេ​នឹង​ខិតខំ​បន្ថែម​ក្នុង​ការ​សម្រេច​គោលដៅ​របស់​អ្នកដឹកនាំ​ក្នុង​ការ​បញ្ចប់​ការ​ចរចា​ក្នុងឆ្នាំនេះ​។

ប្រទេស​ដែល​ចូលរួម​ការ​ពិភាក្សា​លើ​កិច្ច ព្រមព្រៀង​ភាព​ដៃគូ​សេដ្ឋកិច្ច​ស៊ីជម្រៅ​ក្នុង​តំបន់ (RCEP) បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​នៅ​ក្រុង​សៀមរាប​នៃ​ប្រទេស​កម្ពុជា​ថា រដ្ឋមន្ត្រី​ប្តេជ្ញា​ថា​នឹង​ខិតខំ​សម្រេច​គោលដៅ​នេះ​។ រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ជប៉ុន​គឺ​លោក Hiroshige Seko បាន​និយាយ​ថា ផ្នែក​ជា​ច្រើន​នៅ​មាន​ចន្លោះ និង​មានការ​ខ្វែងគំនិត​គ្នា​នៅឡើយ​ដូច​ជា ការ​ចូល​ក្នុង​ទីផ្សារ និង​ការ​កាត់​បន្ថយពន្ធ​ជាដើម​។ ខណៈ​ដែល​ប្រទេស​ថៃ ឥណ្ឌូ​នេ​ស៊ី និង​ឥណ្ឌា​នឹង​មានការ​បោះ​ឆ្នោត​ក្នុង​ឆមាស​ទី​មួយ​នា​ឆ្នាំ​នេះ មានការ​ព្រួ​យារ​ម្ភ​ថា​វា​អាច​នឹង​ប៉ះពាល់​ដល់​ការ​ចរចា​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​និយាយ​ក្នុង​កំឡុង​បើក​កិច្ចប្រជុំ​មក​ថា ប្រសិនបើ​ប្រទេស​ជា​សមាជិក RCEP ទាំង ១៦ ប្រទេស​ចូលរួម​សហការ​ដើម្បី​អត្ថប្រយោជន៍​រួម​នោះ តំបន់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​។ អ្នកដឹកនាំ​របស់​ប្រទេស​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ទាំង ១៦ ដែល​រួម​មាន​ប្រទេស​ជប៉ុន ចិន​និង​ឥណ្ឌា​បាន​ព្រមព្រៀង​គ្នា​កាលពី​ខែវិច្ឆិកា​មុន​ក្នុង​ប្រទេស​សិង្ហ​បុរី​មក​ថា​នឹង​សម្រេច​កិច្ចព្រមព្រៀង​នេះ​នៅ​ចុងឆ្នាំ ២០១៩​។

គួរ​បញ្ជាក់​ទៀត​ថា RCEP តំណាង​១​ភាគ​៣​នៃ​សេដ្ឋកិច្ច​ពិ​ភ​លោក និង​ធ្លាប់​បរាជ័យ​ក្នុង​ការ​សម្រេច​គោលដៅ​ដែល​បាន​កំណត់​មក​ផង​ដែរ​ព្រោះ​តែម​ហិ​ច្ច​តា​ខុស​ៗ​គ្នា​របស់​ប្រទេស​ជា​សមាជិក​។ ការ​ចរចា​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១៣ ហើយ​គោលដៅ​ដំបូង​គឺ​សម្រេច​វា​ឲ្យ​បាន​ក្នុង​ឆ្នាំ ២០១៥​។ ភាគី​ទាំងអស់​កំពុង​តែ​ពិភាក្សា​ពី​បញ្ហា​ចំនួន ១៨​កន្លែង​ដែល​រួម​មានការ​លុប​បំបាត់​ពន្ធ​លើ​ផលិតផល​មួយ​ចំនួន​ដូច​ជា​ផលិតផល​ឧស្សាហកម្ម ការ​ធ្វើ​ពាណិជ្ជកម្ម​សេវាកម្ម សិទ្ធិ​កម្មសិទ្ធិបញ្ញា កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ផ្នែក​បច្ចេកទេស រួម​ទាំង​បញ្ហា​ច្បាប់ និង​ស្ថាប័ន​ផង​ដែរ​។

ប្រភព៖ kohsantepheapdaily

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds