សម្ដេច ហ៊ុន សែន សម្រេចដាក់ខ្លួនធ្វើចត្តាឡីស័ក ក្រោយបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ បានបង្ហោះសារនៅក្នុងផេកផ្លូវការ ជូនជនរួមជាតិឱ្យបានដឹងថា សម្ដេចបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩។ ក្នុងនោះ សម្ដេចបានបញ្ជាក់ឱ្យបានដឹងថា ៖
«ដើម្បីធានាកុំឱ្យមានការឆ្លងបន្ត ដែលអាចចេញពីខ្លួនខ្ញុំក្នុងពេលកំពុងមានការសង្ស័យ ខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយៈពេលខ្លីសិន។ ខ្ញុំនឹងរស់នៅដាច់ដោយឡែក តែខ្ញុំនៅតែបន្តធ្វើការតាមទម្លាប់ ដូចដែលខ្ញុំបានធ្វើកាលពីធ្វើចត្តាឡីស័ក ៣ លើកមុនៗនោះដែរ»។
បន្ថែមលើសពីនេះ សម្ដេចបានបញ្ជាក់ទៀតថា ៖ «ខ្ញុំមិនទាន់លុបចោលកម្មវិធីសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។ ខ្ញុំនឹងបន្តធ្វើតេស្ត ដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមាន ឬ អវិជ្ជមានកូវីដ-១៩ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់រូបខ្ញុំ ដែលខ្ញុំនឹងជូនព័ត៌មានតាមក្រោយ»៕