ទីបំផុតសហរដ្ឋអាមេរិក និងអឺរ៉ុបរួមគ្នាដាក់ទណ្ឌកម្មដោយផ្ទាល់ លើលោក ពូទីន និងមន្ត្រីកំពូលៗរុស្ស៉ីឯទៀត
(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប បានព្រមព្រៀងរួមគ្នាដាក់ទណ្ឌកម្មដោយផ្ទាល់ ទៅលើប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងមន្ត្រីកំពូលៗនៃរដ្ឋាភិបាលរបស់លោក ក្នុងនោះក៏មានលោករដ្ឋមន្ត្រីការបរទេស សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
ការដាក់ទណ្ឌកម្មដោយផ្ទាល់លើមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់ប្រទេសមួយ គឺជារឿងកម្រកើតមានជាទីបំផុត ប៉ុន្តែមិនមែនគ្មានការរំពឹងទុក ចំពោះការកើតឡើងបែបនេះឡើយ។ ចំណាត់ការរបស់សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តលោកខាងលិចនេះ បានកើតមានឡើងបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យកងទ័ពរបស់លោក បើកការឈ្លានពានប្រទេសអ៊ុយក្រែន ដែលត្រូវបានគេមើលឃើញថា ជាការវាយប្រហារទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានទៅលើប្រទេសអឺរ៉ុបមួយ គិតចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ។
ក្រសួងរតនាគារអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា «ប្រធានាធិបតី ពូទីន និងរដ្ឋមន្ត្រី ឡាវរ៉ូវ ត្រូវទទួលខុសត្រូវដោយផ្ទាល់ ចំពោះការឈ្លានពានបន្ថែមទៀត ដោយខុសច្បាប់ និងមិនញញើតរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលជារដ្ឋជាប្រជាធិបតេយ្យ និងមានអធិបតេយ្យភាព»។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មខាងលើនេះ គឺសំដៅទៅរកការបង្កកទ្រព្យសម្បត្តិ របស់មេដឹកនាំរុស្ស៊ី និងមន្ត្រីក្រោមឱវាទ ដែលមាននៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប មិនខុសពីអ្វីដែលចក្រភពអង់គ្លេស ទើបបានប្រកាសចេញនៅមុននេះទេ៕