កងទ័ពរុស្ស៉ីគ្រប់គ្រងទាំងស្រុង លើរោងចក្រនុយក្លេអ៊ែរ Chernobyl របស់អ៊ុយក្រែន

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា យោធារុស្ស៊ីបានគ្រប់គ្រងទាំងស្រុងហើយ លើរោងចក្រនុយក្លេអ៊ែរ ឆឺណូប៊ីល (Chernobyl) ហើយក៏បានព្រមព្រៀងជាមួយ យោធាអ៊ុយក្រែននៅទីនោះ ដើម្បីការពារសន្តិសុខរោងចក្រនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមក្រសួងការពាររុស្ស៊ី កម្រិតធាតុវិទ្យុសកម្មនៅក្នុងតំបន់រោងចក្រនុយក្លេអ៊ែរ Chernobyl គឺធម្មតា ហើយកម្មករក្នុងរោងចក្រនេះ ក៏កំពុងតាមដានស្ថានការណ៍យ៉ាងជាប់លាប់ផងដែរ។

ការចូលគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរ Chernobyl គឺមិនមានការបង្ហូរឈាមឡើយ ប៉ុន្តែក៏គ្មានការបញ្ជាក់ឲ្យបានច្បាស់លាស់ដែរថា តើហេតុអ្វីបានជារុស្ស៊ី ត្រូវតែក្រសោបយកវាមកគ្រប់គ្រងឲ្យខាងតែបាននោះ។ យ៉ាងណាក៏ដោយ មន្ត្រីយោធារុស្ស៊ីដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា រុស្ស៊ីបានចាត់ទុក Chernobyl គឺជាអាវុធដែលអ៊ុយក្រែនអាចប្រើប្រាស់ ដើម្បីប្រឆាំងខ្លួនបាន។

គួរបញ្ជាក់ថា Chernobyl គឺជារោងចក្រនុយក្លេអ៊ែរដ៏ល្បីល្បាញមួយ ស្ថិតនៅភាគខាងជើងអ៊ុយក្រែន (ចម្ងាយ ១៣០គីឡូម៉ែត្រពីទីក្រុងកៀវ) ដែលធ្លាប់ជួបហេតុការណ៍ផ្ទុះដ៏អាក្រក់បំផុត កាលពីឆ្នាំ១៩៨៦ និងបានឆក់យកជីវិតកម្មករនៅទីនោះជិត ៣០នាក់៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds