ប្រធានាធិបតីអ៊ុយក្រែន នឹងផ្ដល់ «មេដាយវីរបុរស» ដល់ឆ្មាំការពារព្រំដែននៅលើកោះពស់ ដែលសុខចិត្តស្លាប់ មិនចុះចាញ់កងទ័ពរុស្ស៊ី

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថាលោកនឹងផ្ដល់ «មេដាយវីរបុរសជាតិនៃប្រទេសអ៊ុយក្រែន» ដល់ឆ្មាំ ការពារព្រំដែនទាំង ១៣នាក់ ដែលបានពលីជីវិតដើម្បីការពារកោះពស់ ឬកោះ Zmiinyi ដោយមិនព្រមទម្លាក់អាវុធចុះចាញ់នាវាចម្បាំងរុស្ស៊ីមួយគ្រឿង នៅក្នុងតំបន់សមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Business insider នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Zelensky បានបញ្ជាក់ដូច្នេះថា «នៅលើកោះហ្ស៊ីមីនយី (Zmiinyi), ឆ្មាំការពារព្រំដែនរបស់ យើងទាំងអស់បានការពារកោះនេះរហូតដល់ទីបញ្ចប់ ដោយពួកគេបានស្លាប់ក្នុងនាមជាវីរបុរស…ហើយខ្ញុំនឹងផ្ដល់មេដាយវីរបុរសរបស់អ៊ុយក្រែន ដល់ពួកគេ»

គួរបញ្ជាក់ថា កោះពស់ ឬ Zmiinyi ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចូលដៃរបស់កងទ័ពរុស្ស៊ី។ យ៉ាងហោចណាស់ កងទ័ពអ៊ុយក្រែន ១៣៧នាក់ ត្រូវបានសម្លាប់ និង៣១៦នាក់ទៀតរងរបួស នៅក្នុងប្រតិបត្តិការឈ្លានពានថ្ងៃដំបូងរបស់រុស្ស៊ី៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds