ប្រធានាធិបតីអ៊ុយក្រែន៖ «ខ្ញុំបានសួរទៅកាន់មេដឹកនាំទាំង ២៧រូប របស់អឺរ៉ុបដោយផ្ទាល់ថា តើអ៊ុយក្រែននឹងចូលជាសមាជិក NATO ដែរឬទេ, តែគ្រប់គ្នាភ័យខ្លាច មិនបានឆ្លើយនោះទេ»
(កៀវ)៖ ទោះបីជាបណ្តាប្រទេសអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី ជុំវិញប្រតិបត្តិការយោធាមកលើប្រទេសអ៊ុយក្រែនក្តី ក៏ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) នៅតែចោទសួរអំពីភាពស្ងប់ស្ងាត់នៃបណ្តាមេដឹកនាំអឺរ៉ុប អំពីសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការ NATO។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន India Today នារសៀលថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅថ្ងៃសុក្រនេះថា «ថ្ងៃនេះ, ខ្ញុំបានសួរទៅកាន់មេដឹកនាំទាំង ២៧រូបរបស់អឺរ៉ុប ថាតើអ៊ុយក្រែននឹងក្លាយជាសមាជិក NATO ដែរឬទេ។ ខ្ញុំបានសួរដោយផ្ទាល់។ គ្រប់គ្នាភ័យខ្លាច, មិនបានឆ្លើយតបនោះឡើយ»។
គួរបញ្ជាក់ថា ផែនការដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកអង្គការ NATO ចាប់តាំងពីឆ្នាំ ២០០៨ នេះហើយ គឺដើមចមនាំឲ្យសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើង គិតចាប់តាំងពីការបាត់បង់ទឹកដី គ្រីមៀ (Crimea) និងការកើតមានតំបន់ផ្តាច់ខ្លួនភាគខាងកើត កាលពីឆ្នាំ២០១៤ ព្រមទាំងការបញ្ជូនទ័ពវាយលុកប្រទេសអ៊ុយក្រែន ទ្រង់ទ្រាយធំនៅពេលនេះ។ យ៉ាងណាក៏ដោយ អង្គការ NATO ដែលមានសមាជិកសរុប ៣០ប្រទេស បានប្រកាសរួចហើយថា ខ្លួននឹងមិនចូលជួយអ៊ុយក្រែនដោយផ្ទាល់នោះឡើយ៕