ប្រធានាធិបតី​អ៊ុយ​ក្រែន ​បញ្ជា​អោយ​កេណ្ឌ​ទ័ព​ ​ដើម្បី​ទប់ទល់​​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី

ក្រុងគៀវ​៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេន​ស្គី ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​បញ្ជា​អោយ​កេណ្ឌ​ទ័ព​ ​ដើម្បី​ទប់ទល់​​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​ លោក​បាន​ដឹកនាំកិច្ចប្រជុំ​ពួក​ឧត្តមសេនីយ៍​ក្នុងការ​កំណត់​ចំនួន​មនុស្ស​សំ​រាប់​សេវា​កងទ័ព​និង​ចំនួន​ទាហាន​បំរុង ព្រមទាំង​ការបញ្ជា​អោយ​បង្ហាញខ្លួន​ចូល​បំរើ​កងទ័ព​។​

​លោក​ប្រធានាធិបតី​បាន​និយាយថា ជន​ស៊ីវិល​និង​ទាហាន​អ៊ុ​យក្រែន​១៣៧​នាក់​ត្រូវ​បាន​កងកម្លាំង​ឈ្លានពាន​សម្លាប់​និង​រាប់ពាន់​នាក់​រងរបួស​តាំងពី​មុន​មក​នៅក្នុង​ប្រទេស​លោក​។​

​​លោក​ថា ទោះជា​រុស្ស៊ី​អះអាងថា គេ​វាយប្រហារ​តែ​គោលដៅ​យោធា តែ​ទីតាំង​ស៊ីវិល​ក៏​រង​ការវាយប្រហារ​។«​ពួកគេ​​សម្លាប់ប្រជាជន​យើង​និង​ប្រែក្លាយ​បណ្តា​ទីក្រុង​ដែល​ធ្លាប់តែ​មាន​សន្តិភាព​ទៅជា​គោលដៅ​យោធា​។​វា​អាក្រក់​ណាស់​ហើយ​នឹងគ្មានថ្ងៃអាច​​វបំភ្លេច​ទេ»​។​

​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេន​ស្គី បាន​និយាយថា ឆ្មាំ​ព្រំដែន​នៅ​កោះ​ហ្សេ​ត​មី​នី​(Zmiinyi)​ក្នុង​តំបន់​អូ​ដេសា​(Odesa)​ត្រូវបាន​សម្លាប់​ទាំង​អស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​រុស្ស៊ី​បាន​ចូល​កាន់កាប់​កោះ​នេះ​​ហើយ​។​

កងកម្លាំង​អ៊ុយ​ក្រែនក៏​កំពុង​ប្រយុទ្ធទ​ល់​នឹងទាហាន​ផ្សេងទៀត​នៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ទីក្រុង​គៀវ​ដើម្បី​ដណ្តើម​កាន់កាប់​អាកាសយានដ្ឋាន​យុទ្ធសាស្ត្រ​មួយ​។​ការផ្ទុះ​ខ្លាំងៗ​ត្រូវបាន​គេ​ឮ​នៅក្នុង​រដ្ឋ​​ធានី​គៀវ​និង​ទីក្រុង​ដទៃទៀត ហើយ​មនុស្ស​សំរុក​ទៅកាន់​ស្ថានីយ​រថភ្លើង​និង​ធ្វើ​ដំណើរ​តាមរថយន្តតាម​ដងផ្លូវចេញពីទីក្រុង នៅពេល​រដ្ឋាភិបាល​ប្រកាសថា អតីត​សាធារណរដ្ឋ​សូ​វៀត​មួយ​នេះ កំពុង​មើល​ឃើញ​ការឈ្លានពាន​មួយ​​មក​ពី​ខាងកើត ខាងជើង​និង​ខាងត្បូង​៕

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​លើ​អ៊ុយ​ក្រែន​ខាងកើត ដោយ​ផ្តោត​លើ​ទីក្រុង​និង​មូលដ្ឋានទ័ព​ជាច្រើន​ជាមួយនឹង​ការវាយប្រហារ​តាម​ផ្លូវអាកាស​ឬ​ការ​​បាញ់​ផ្លោង ដែល​នាំ​អោយ​ជន​ស៊ីវិល​សំរុក​ទៅកាន់​ស្ថានីយ​រថភ្លើង​និង​ជិះ​រថយន្ត​ភៀសខ្លួន​ចេញពី​ទីក្រុង​។​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds