ក្រសួងផែនការ នឹងធ្វើជំរឿនសេដ្ឋកិច្ច នៅតាមរោងចក្រ ចាប់ពីថ្ងៃទី១ ខែមីនា
ភ្នំពេញ៖ ក្រសួងផែនការ នឹងចុះធ្វើជំរឿនសេដ្ឋកិច្ច នៅតាមបណ្តារោងចក្រ សហគ្រាស នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះតទៅ។ នេះបើយោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២២ នេះ។
នៅក្នុងសេចក្តីជូនដំណឹង ក្រសួងការងារ បានបញ្ជាក់ ប្រាប់ជូនដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ឱ្យបានដឹងថា ដើម្បី ប្រមូលទិន្នន័យ ព័ត៌មានបច្ចុប្បន្នភាព អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា គ្រប់វិស័យ (ឧស្សាហកម្ម និងសេវាកម្ម) សមភាពយេនឌ័រ លក្ខណៈនៃប្រភេទអាជីវកម្ម ស្ថានភាពហិរញ្ញវត្ថុ របស់អង្គភាព សេដ្ឋកិច្ច ចំនួនសហគ្រាស (ខ្នាតមីក្រូ តូច មធ្យម និងខ្នាតធំ) ចំនួនកម្លាំងពលកម្ម (កម្មករ និយោជិត) និងព័ត៌មានផ្សេងៗទៀត ក្រសួងផែនការ នឹងចាត់មន្ត្រីជំរឿន ចុះសម្ភាសន៍ និងកត់ត្រាទិន្នន័យស្ថិតិ នៅតាមរោងចក្រ សហគ្រាសទាំងអស់។
ក្រសួងការងារ បន្ថែមថាៈ ការធ្វើជំរឿននេះ នឹងធ្វើនៅតាមមូលដ្ឋាន ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ រាជធានី ខេត្ត ទាំង២៥ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ រហូតដល់ចប់ជាស្ថាពរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង លោក ទេព ស័ក្តមករា ០១១ ៦៦២ ៧១៣។
ក្រសួង មានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ នឹងផ្ដល់កិច្ចសហការ សម្របសម្រួល ដល់មន្ត្រីជំរឿន របស់ក្រសួងផែនការ ក្នុងការសម្ភាសន៍ និងកត់ត្រាទិន្នន័យស្ថិតិ នៅតាមរោងចក សហគ្រាស ប្រកបដោយប្រសិទ្ធភាពខ្ពស់៕