ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ ម៉ាឡេស៊ី មានប្រមាន$ ៥០១ លាន

ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​ ម៉ាឡេស៊ី ក្នុងឆ្នាំ២០២១ មានចំនួន ៥០១ លានដុល្លារអាមេរិក កើនឡើងចំនួន ១៣ % ធៀបនឹងឆ្នាំ២០២០ ហើយក្នុងនោះម៉ាទ្បេស៊ីឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិក អាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១ ម៉ាទ្បេស៊ីបាននាំចូលអង្ករកម្ពុជាសរុបចំនួន ៤៦ ១៨១ តោន កើនទ្បើងចំនួន ៨% បើធៀបនឹងឆ្នាំ២០២០។

ថ្លែងក្នុងជំនូបពិភាក្សាការងារជាមួយលោក Dato Seri Mohamed Azmin Ali ទេសចរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានសារៈសំខាន់ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានសាទរចំពោះកំណើនពាណិជ្ជកម្មដ៏រឹងមាំ ដែលភាគីទាំងពីរសម្រេចបាន ក្នុងកាលៈទេសៈ នៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តរក្សានូវទីផ្សារបើកចំហរ និងសម្រួលការវិនិយោគ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីតួនាទីដ៏សំខាន់ របស់វិស័យឯកជនក្នុងការរួមចំណែកស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនូវច្បាប់សំខាន់ៗ រួមមានជាអាទិ៍ ច្បាប់ស្តីពីភាព ជាដៃគូរវាងរដ្ឋ-ឯកជន ច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម ដើម្បីគាំទ្រ និងសម្រួលដល់ វិស័យឯកជន។

លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យភាគីម៉ាទ្បេស៊ី បន្តជំរុញ និងបង្កើនវិនិយោគិនម៉ាឡេស៊ីមកកម្ពុជាបន្ថែមទៀត ព្រមទាំងបង្កើនការនាំចូលកសិផលសក្តានុពលពីកម្ពុជា ជាពិសេស អង្ករកម្ពុជា ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស ផលិតកម្មម្ហូបអាហារហាឡាល់ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds