សម្តេចតេជោ ដាក់បទបញ្ជាដាច់ខាតត្រូវប្រមូលពន្ធរថយន្តឲ្យបាន និងមិនលើកលែងចំពោះឡានអត់ពន្ធ

ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដាក់បទបញ្ជាដាច់ខាត​ត្រូវប្រមូលពន្ធរថយន្តឲ្យបាន និងមិន​លើក​លែង​ចំពោះឡានអត់ពន្ធ។ កន្លងមកសម្ដេចធ្លាប់បានដាក់បទបញ្ជាដាច់ខាត មិនត្រូវឱ្យមានឡានអត់ពន្ធ ឡានចង្កូតស្ដាំ នៅលើដងផ្លូវទៀត។

សម្តេចតេជោបានអោយដឹងថា «យើងប្រមូលចំណូលពីឡានដែលអត់ពន្ធ មានចំនួន៥៩៩៣ គ្រឿង ស្មើនឹង៥១លាន៦០ម៉ឺនដុល្លារ (គិតត្រឹមថ្ងៃពីម្សិលមិញ ២២.០២.២០២២) ដូច្នេះតាមប៉ាន់ស្មាន នៅសល់រថយន្តពាក់កណ្ដាលទៀត ដែលមិនទាន់បង់ពន្ធ ដែលមានប្រមាណជាង១០០លានដុល្លារ»។

សម្តេចតេជោ សង្កត់ធ្ងន់ថា នេះជាការចេញបញ្ជា ដើម្បីធ្វើអនុវត្តការងារឲ្យបានសម្រេច ។ ប្រសិនបើគ្មានការចូលរួមពីអ្នកពាក់ព័ន្ធទេ មិនអាចសម្រេចបាននូវការប្រមូលចំណូលជូនរដ្ឋនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់តាំងពីការដាក់វិធានការតឹងរឹងរហូតមកដល់ពេលនេះ ការប្រមូលចំណូលបានពីរអ្នកលួចពន្ធមានចំនួន៥១លានដុល្លារ។ ហើយនេះ វាគ្រាន់តែបញ្ហារថយន្តនៅមានបញ្ហាផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាគាំទ្រការប្រមូលចំណូលពន្ធជូនរដ្ឋ ពីព្រោះបើប្រមូលចំណូលមិនបានវាជាមហន្តរាយសម្រាប់ប្រទេសជាតិ។

សម្តេចតេជោ មានប្រសាសន៍ដូច្នេះថា “ត្រូវតែរួមគ្នា ដើម្បីធ្វើយុទ្ធនាការ គាំទ្រដល់ស្ថាប័នប្រមូលចំណូល ដូចជាអង្គភាពគយ និងអង្គភាពពន្ធដារជាដើម”។ សម្ដេចបន្តថា ប្រសិនបើយើងប្រមូលចំណូលមិនបាន ហើយបែរជាបណ្ដែតបណ្ដោយឲ្យវប្បធម៌អត់ពន្ធ បន្តរស់តទៅទៀត គឺវាជាគ្រោះមហន្តរាយមួយ សម្រាប់ប្រទេសជាតិរបស់យើង។

បើតាមសម្តេចតេជោ អ្នកដែលមានប្រាក់ទិញ រថយន្ត ឬម៉ូតូ ប្រើប្រាស់ ត្រូវមានចំណែកសម្រាប់បង់ពន្ធជូនរដ្ឋ យើងមិនអាចធ្វេសប្រហែសលើបញ្ហានេះបានទេ។ «បើរដ្ឋគ្មានចំណូល គ្មានអ្វីសម្រាប់ចំណាយទេ អញ្ចឹងទេសូមឱ្យទាំងអស់គ្នា ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងនគរបាល ទាំងកងទ័ព ទាំងអាវុធហត្ថ ត្រូវតែបង់ពន្ធ»៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds