សម្ដេច ហ៊ុន សែន ស្ដីបន្ទោសរដ្ឋមន្រ្តីកសិកម្មទាំងកណ្ដាលចំណោម រឿងសាច់ជ្រូកឡើងថ្លៃ
សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងរដ្ឋមន្រ្តីកសិកម្ម វេង សាខុន បើធ្វើការរបៀប «ជិះសេះមើលផ្កា» ក្នុងករណីពលរដ្ឋនៅខេត្តពោធិ៍សាត់ តើលោកឯងធ្វើជារដ្ឋមន្រ្តីកសិកម្មយ៉ាងម៉េច។
នាពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ កុម្ភៈ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ស្តីឱ្យឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចំពោះរដ្ឋមន្រ្តីផ្សេងទៀត រឿងធ្វើឱ្យឡើងថ្លៃសាច់ជ្រូកនៅកម្ពុជា និងមិនដែលសហការជាមួយរដ្ឋមន្រ្តីណាទាំងអស់។
សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងរដ្ឋមន្រ្តីកសិកម្ម វេង សាខុន រឿងធ្វើឱ្យឡើងថ្លៃសាច់ជ្រូកនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ខឹងសម្បានឹង លោករដ្ឋមន្រ្តីកសិកម្ម វេង សាខុន ដែលមិនដែលសហការជាមួយរដ្ឋមន្រ្តីណាទាំងអស់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ថា រដ្ឋមន្រ្តី វេង សាខុន គេ (រដ្ឋមន្រ្តីសេដ្ឋកិច្ច) ហៅទៅប្រជុំ ក៏មិនព្រមទៅប្រជុំដោះស្រាយដែរ។ សម្តេចតេជោ ហ៊ុន សែន ចោទសួររដ្ឋមន្រ្តីកសិកម្ម វេង សាខុន ថា «លោកឯងដោះស្រាយយ៉ាងម៉េច បានជាធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ?»!
សម្តេចតេជោ ហ៊ុន សែន រិះគន់ថា របៀបធ្វើការរបស់រដ្ឋមន្រ្តី វេង សាខុន ជារបៀប «ជិះសេះមើលផ្កា» ដោយលើកយកករណីចុះជួបកសិករនៅខេត្តពោធិ៍សាត់។ សម្តេចតេជោ ហ៊ុន សែន អះអាងថា សម្តេចតឹងទ្រូងណាស់ជាមួយនឹងការងារ រដ្ឋមន្រ្តី វេង សាខុន។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ត្រឹមតែ២៤ម៉ោងទេ ខ្ញុំដករដ្ឋមន្រ្តីមួយបានហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ខ្ញុំនៅទីនេះ ខ្ញុំគ្រប់គ្រងស្ថានការណ៍មុន ខុនឯង (វេង សាខុន) តើខ្ញុំមិនដឹងឬយ៉ាងម៉េច? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើធ្វើការរបៀប «ជិះសេះមើលផ្កា» ក្នុងករណីពលរដ្ឋនៅខេត្តពោធិ៍សាត់ តើលោកឯងធ្វើជារដ្ឋមន្រ្តីកសិកម្មយ៉ាងម៉េច។
សម្តេចតេជោ ហ៊ុន សែន ចោទសួរថា បើខ្មែរផ្គត់ផ្គង់ជ្រូកបានគ្រប់គ្រាន់ដូចសម្តី លោករដ្ឋមន្រ្តី វេង សាខុន ចុះម្តេចបានជាសាច់ជ្រូកឡើងថ្លៃបាន?
សម្ដេច ហ៊ុន សែន បាននិយាយថា ឯកឧត្តម វេង សាខុន ជារដ្ឋមន្រ្តីមិនសូវសហការជាងគេ ក្នុងចំណោមរដ្ឋមន្រ្តីផ្សេងទៀត។ មូលហេតុដែលនាំឱ្យសម្ដេច ខឹងនិងស្តីបន្ទោសលោក វេង សាខុន នេះ គឺពាក់ព័ន្ធបញ្ហាដេញថ្លៃនាំចូលជ្រូកមកផ្គត់ផ្គង់នៅកម្ពុជា កាលពីពេលថ្មីៗនេះ។
សម្ដេច ហ៊ុន សែន បានយល់ព្រម និងចេញចំណារឱ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំការដាក់ដេញថ្លៃនាំចូលជ្រូកមកកម្ពុជា ខណៈដែលលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម មិនយល់ព្រមលើករណីនេះ។
«មើលលោកឯង (វេង សាខុន រដ្ឋមន្រ្តីកសិកម្ម) ធ្វើឱ្យសហការតិចមើល»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបន្ថែមថា លោក វេង សាខុន មិនដែលចូលរួមប្រជុំលើករណីដេញថ្លៃនាំចូលជ្រូក ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្ដាប់ហេតុផលគ្នាទៅវិញទៅមកនោះទេ។
ការបង្ហាញអារម្មណ៍ជំទាស់របស់លោក វេង សាខុន នេះ ដោយសារលោកយល់ឃើញថា ការនាំចូលជ្រូកមកកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុក។ ប៉ុន្តែសម្ដេច ហ៊ុន សែន មិនយល់ស្របតាមគំនិតលោក វេង សាខុន ឡើយ។
សម្ដេច បានអះអាងថា ការអនុញ្ញាតឱ្យនាំចូលជ្រូកមកផ្គត់ផ្គង់កម្ពុជា គឺដើម្បីកុំឱ្យតម្លៃជ្រូកឡើងថ្លៃ។ បានន័យថា បើជ្រូកផ្គត់ផ្គង់តម្រូវការទីផ្សារគ្រប់គ្រាន់ គឺវាមិនធ្វើឱ្យតម្លៃកើនឡើងទ្វេរដងទេ ប៉ុន្តែបើគ្មានជ្រូកគ្រប់គ្រាន់ ទើបធ្វើឱ្យតម្លៃជ្រូកខ្ពស់។
សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងខ្លាំងៗដោយរិះគន់គំនិតឯកឧត្តម វេង សាខុន ដែលមិនចង់ឱ្យមានការនាំចូលជ្រូកមកកម្ពុជា។ បើនាំចូលជ្រូកមកកម្ពុជា ហើយខ្លាចប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុក តើត្រូវទុកឱ្យជ្រូកបន្តថ្លៃ?