សម្តេចតេជោ ព្រមានដុតកម្ទេចរថយន្តគេចពន្ធប្រមាណ៥ពាន់គ្រឿងទៀត បើសិនជាមិនព្រមមកបង់ពន្ធ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវឲ្យគ្រប់ ក្រុមហ៊ុននានា ដែលជំពាក់ការបង់ពន្ធចំពោះរាជរដ្ឋាភិបាល សូមមេត្ដាប្រញាប់ប្រញាល់មកបង់ពន្ធ។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវឲ្យរថយន្តគេចពន្ធប្រមាណ៥ពាន់គ្រឿងទៀត បើសិនជាមិនព្រមមកបង់ពន្ធ ប្រយ័ត្ទដុតរថយន្តចោលកុំអោយពិបាក »។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តួលេខបំណុលដែលក្រុមហ៊ុន បានជំពាក់ចំពោះរាជរដ្ឋាភិបាល ឃើញថា នៅសល់ចំនួនច្រើន ដូច្នេះក្រុមហ៊ុនទាំងអស់ សូមមេត្ដាប្រញាប់ប្រញាល់មកបង់ពន្ធ។
សូមបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមាន២៨៨.២៣ លានដុល្លារ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១ ឃើញថា កើនឡើងប្រមាណជា៧១.០៣លានដុល្លារ ស្មើនឹង៣២.៧០%។