លោកគ្រូបង្រៀនម្នាក់ ត្រូវអាណាព្យាបាលសិស្សប្តឹងទារសងជំងឺចិត្តដល់ទៅ២ពាន់ដុល្លារករណីវ៉ៃកូនរបស់ខ្លួន
ខេត្តកំពត៖ ស្ត្រីម្នាក់ដែលមានឈ្មោះ រិន ស្រីម៉ៅ អាយុ៣៣ឆ្នាំ ជាស្ត្រីមេម៉ាយ និងជាអាណាព្យាបាលរបស់សិស្សឈ្មោះ រិទ្ធ ភិរុណ ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាកំពង់គ្រែងសួរ ស្ថិតក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅលើឈ្មោះ សួង រ៉ែន ដែលជាគ្រូប្រចាំថ្នាក់ បង្រៀននៅសាលាបឋមសិក្សាខាងលើថា បានប្រើប្រាស់អំពើហិ.ង្សាដោយវា.យ និងខោកក្បាលកូនគាត់ជាញឹកញាប់ រហូតកូនគាត់អត់ទ្រាំមិនបាន ក៏បានរាយការណ៍ប្រាប់ទៅលោកគ្រូនាយកសាលា ដើម្បីជួយអន្តរាគមន៍កុំឲ្យគ្រូធ្វើបាបមកលើខ្លួនទៀត ក្រោយមកលោកគ្រូនាយកសាលាក៏បានហៅលោកគ្រូប្រចាំថ្នាក់រូបនោះមកធ្វើការអប់រំ កុំឲ្យប្រើអំពើហិ.ង្សាទៅលើក្មេងជាសិស្សក្នុងថ្នាក់នេះបន្តទៀត។
ក្រោយពីលោកនាយកសាលាធ្វើការអប់រំដល់គ្រូប្រចាំថ្នាក់រូបនោះរួចមក ត្រូវបានគ្រូប្រចាំថ្នាក់ឈ្មោះសួង រ៉ែន ខាងលើ បានធ្វើការគំរា.មក្មេងប្រុសរូបនោះ ដោយដេញចេញពីថ្នាក់រៀនក៏មាន រហូតធ្វើក្មេងប្រុសរូបនោះខ្លាចមិនហ៊ានចូលសាលាទៀតផង។
តាមស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា៖ ដោយសារតែរូបគាត់ជាស្ត្រីមេម៉ាយ ជួបការលំបាកក្នុងជីវភាពគ្រួសារផងនោះ រូបគាត់បានទុកកូនឲ្យនៅជាមួយជីដូនដែលត្រូវជាម្តាយរបស់ខ្លួន ហើយខ្លួនវិញក៏ទៅធ្វើការក្នុងក្រុមហ៊ុនឯកជនមួយនៅខេត្តតាកែវ ។ ហើយនៅពេលកូនមានបញ្ហាដូច្នេះ ជីដូនដែលត្រូវជាម្តាយរបស់ខ្លួនបានទូរស័ព្ទទៅប្រាប់ឲ្យមកដោះស្រាយគ្នាជាមួយគ្រូ និងនាយកគ្រប់គ្រងសាលាបឋមសិក្សាខាងលើ ដែលកូនប្រុសគាត់មិនហ៊ានចូលសាលាអស់រយៈ៤ទៅ៥ថ្ងៃមកហើយ ចាប់តាំងពីក្រោយពេលកើតហេតុ (នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២) រហូតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមកនេះ ទើបមានការដោះស្រាយសម្របសម្រួលគ្នាពីខាងគណៈកម្មការប្រឹក្សាវិន័យ និងនាយកសាលា ដោយមានម្តាយកុមាររងគ្រោះ និងគ្រូប្រចាំថ្នាក់ដែលរងការចោទប្រកាន់ចូលរួមដោះស្រាយផងនោះ មកធ្វើការដោះស្រាយសម្របសម្រួលគ្នា ព្រមទាំងដាក់ពិន័យដល់គ្រូដែលរងការចោទប្រកាន់នោះ ដោយដកឲ្យទៅបង្រៀននៅថ្នាក់ផ្សេង ហើយយកគ្រូផ្សេងឲ្យទៅបង្រៀនថ្នាក់ទី៦ ជំនួសគ្រូដែលមានបញ្ហារងការចោទប្រកាន់ពីអាណាព្យាបាលក្មេងខាងលើនោះផងដែរ។
យោងតាមប្រភពព័ត៌មានពីលោកនាយកសាលាឈ្មោះ រិន ជឿន បានប្រាប់អ្នកយកព័ត៌មានយើងថា ការសម្របសម្រួលរវាងអាណាព្យាបាលក្មេង និងគ្រូប្រចាំថ្នាក់ដែលរងការចោទប្រកាន់ពីសំណាក់អាណាព្យាបាលក្មេង កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅសាលាខាងលើនោះ មិនបានសម្រេចនោះទេ។ ដោយភាគីខាងអាណាព្យាបាលក្មេងទារសំណងជំងឺចិត្តពីគ្រូដែលរងការចោទប្រកាន់នោះចំនួនទឹកប្រាក់២ពាន់ដុល្លាអាមេរិក ទើបព្រមបញ្ចប់រឿង ។ ដោយអាណាព្យាបាលនោះនិយាយថា ដើម្បីយកទៅបំរើសេវាឱ្យគ្រូពេទ្យពិនិត្យក្បាលដែលត្រូវគ្រូវា.យ និងខោកជាច្រើនលើកច្រើនសារនោះផង និងដើម្បីធ្វើសាហ៊ុយក្នុងការធ្វើសំណុំបែបបទបទសុំផ្លាស់កូនឲ្យចូលរៀននៅសាលាផ្សេងទៀតផង។
ប៉ុន្តែសំណូមពររបស់ស្ត្រីជាអាណាព្យាបាលក្មេងរូបនេះ ត្រូវបានគ្រូប្រចាំថ្នាក់ដែលរងការចោទប្រកាន់នោះ បដិសេធ មិនមានលទ្ធភាពប្រគល់ជូនតាមសំណូមពរនោះទេ ។ ជាមួយគ្នានេះដែរ ក្រុមការងាររបស់សាលា ដែលបានចូលរួមក្នុងការសម្របសម្រួលនេះ បានប្ដូរយោបល់ដូច្នេះថា ដើម្បីធ្វើការសម្របសម្រួល សូមយកក្មេងដែលសង្ស័យថាពាក់ព័ន្ធនឹងសុខភាពដោយអំពើហិ.ង្សានោះទៅឲ្យគ្រូពេទ្យពិនិត្យ រួចហើយសាម៉ីខ្លួនគ្រូដែលរងការចោទប្រកាន់នោះ ត្រូវចំណាយសេវាពិនិត្យរបស់ពេទ្យ និងថ្នាំពេទ្យ ឬក៏ជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥០០ ដុល្លារឲ្យទៅអាណាព្យាបាលក្មេងរងគ្រោះនោះ (នេះជាយោបល់របស់អ្នកចូលរួម) ជួយផ្ដល់ជាយោបល់ ប៉ុន្តែភាគីខាងអាណាព្យាបាលក្មេងបដិសេធមិនទទួលយកបានទេ ។
ចំណែកលោកគ្រូដែលរងការចោទប្រកាន់នោះ បានឲ្យដឹងថា រឿងនេះ ក្មេងក៏ខុស ខ្លួនក៏ខុស ហើយក្នុងការវា.យបន្តិចបន្ទួចនេះ ក្នុងនាមអប់រំកុំឲ្យក្មេងមិនស្តាប់ការពន្យល់នៅក្នុងថ្នាក់ដូចជា ងាកមុខ ងាកក្រោយ មិនស្តាប់ការណែនាំពន្យល់ ទើបខ្លួនជាគ្រូត្រូវវា.យខ្លះទៅ បើមិនឲ្យវា.យ ឬប្រដៅខ្លះទេ មានតែទុកឲ្យក្មេងកាន់តែមិនគោរពវិន័យ នាំគំរូមិនល្អដល់សិស្សដទៃទៀត ហើយម្យ៉ាងទៀតខាងសាលាដាក់ពិន័យឲ្យខ្លួនទៅបង្រៀនថ្នាក់ផ្សេង ក៏ខ្លួនព្រមទៅដោយឥតប្រកែកនោះឡើយ។
ប៉ុន្តែការដោះស្រាយសម្របសម្រួលខាងលើនេះ ដោយម្តាយក្មេងទារសំណងជំងឺចិត្តធ្ងន់ពេកដល់ទៅ២ពាន់ដុល្លារ ស្មើនឹង៨លានរៀល ខ្លួនមិនមានលទ្ធភាពរកប្រាក់ឯណាបង់ឲ្យនោះទេ ប្រាក់ខែបន្តិចបន្ទួច រកតែលុយចិញ្ចឹមកូនមិនចង់រស់ផងសព្វថ្ងៃនេះ។ នេះជាសម្ដីរបស់លោកគ្រូប្រចាំថ្នាក់ ដែលរងការចោទប្រកាន់ឆ្លើយបំភ្លឺប្រាប់អ្នកយកព័ត៌មានយើង តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ម្សិលមិញនេះ។
រីឯស្ត្រីឈ្មោះ រិន ស្រីម៉ៅ ដែលជាអាណាព្យាបាលក្មេងខាងលើនោះ បានបា្រប់អោយដឹងកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះថា ៖ ការដោះស្រាយសម្របសម្រួលពីសំណាក់គណៈកម្មការក្រុមប្រឹក្សាវិន័យរបស់សាលា និងនាយកគ្រប់គ្រងសាលាខាងលើ ជាមួយនាងខ្ញុំជាអាណាព្យាបាលសិស្សរងគ្រោះមិនបានសម្រេចនោះទេ ដោយនាងខ្ញុំជាអាណាព្យាបាលសិស្សរងគ្រោះទារសំណងជួសជុលការពិនិត្យសុខភាព និងផ្លាស់ប្តូរយកកូនទៅរៀននៅសាលាថ្មី តែសាម៉ីខ្លួនអ្នកប្រព្រឹត្តមិនយល់ព្រមតាមសំណូមពររបស់នាងខ្ញុំនោះទេ ៕