រកឃើញសត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ

ពោធិ៍សាត់៖ តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ បានរកឃើញសត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ ដូចជា ខ្លាពពក ខ្លា​ឃុំ ឈ្លូស និង​សត្វព្រៃ​ផ្សេងទៀត។ ​នេះ​បង្ហាញថា កម្ពុជា​បាន​អភិរក្ស​ធនធាន​ធម្មជាតិ​បានល្អ​ប្រសើរ ទើប​សត្វព្រៃ​ត្រូវបាន​ការពារ​។ នេះបើយោងតាម​ទិន្នន័យរបស់មន្ត្រី​ជំនាញ ក្រសួងបរិស្ថាន។

មន្ត្រី​ជំនាញក្រសួង​បរិស្ថាន​បានដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ជាង ៥០ ​គ្រឿង​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ កោះកុង និង​ពោធិ៍សាត់ ចាប់ពី​ថ្ងៃទី ​១០ ដល់​ថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ ក្រុម​ជំនាញ​បាន​ប្រទះឃើញ ដានជើង លាមក រូបភាព និង​គន្លង​សត្វព្រៃ​ជាច្រើន​ប្រភេទ​។ សត្វព្រៃ​ដែល​ត្រូវបាន​រកឃើញ​នោះ​រួមមាន ដំរី​អាស៊ី ខ្ទីង ប្រើស​ស្បូវ កែះ ឈ្លូស ជ្រូកព្រៃ ខ្លាពពក ខ្លា​ឃុំ ជ្រូកព្រុល ពង្រូល ឆ្កែព្រៃ និង​ប្រភេទ​សត្វព្រៃ​សំខាន់ៗ​មួយចំនួន​ទៀត​។

កម្ពុជា​ត្រូវបាន​ពិភពលោក​ទទួលស្គាល់​ថា ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ជីវចម្រុះ ក្នុងនោះ​សរុប​ប្រមាណ ៣ ៩៩៣ ​ប្រភេទ​ដែល​រួមមាន​មាន​រុក្ខជាតិ​ប្រមាណ ២ ៣០០ ​ប្រភេទ និង​ប្រភេទ​សត្វ​ដូចជា ថនិកសត្វ ១២៣ ​ប្រភេទ សត្វ​ស្លាប​ប្រមាណ ៥៤៥ ​ប្រភេទ ឧរង្គសត្វ ៨៨ ​ប្រភេទ ត្រី ៨៧៤ ​ប្រភេទ និង​ថលជលិក ៦៣ ​ប្រភេទ​។

មន្ត្រី​ជំនាញ​បានដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ នៅ​តំបន់​ការពារ​ធម្មជាតិ​សរុប​ចំនួន ៥៣ ​គ្រឿង ក្នុងនោះ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​ចំនួន ២០ ​គ្រឿង ខេត្តកោះកុង ២៣ ​គ្រឿង និង​ខេត្តកំពង់ស្ពឺ​ចំនួន ១០ ​គ្រឿង​។ ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ទាំង ៥៣ ​គ្រឿង នេះ​គ្រោង​នឹង​ប្រមូល​ត្រឡប់​មកវិញ នៅក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២ ០២២ ខាងមុខ​។

សូមបញ្ជាក់ថា ចាប់ពី​ខែតុលា ឆ្នាំ​ ២០២១ រហូតដល់​ខែមករា ឆ្នាំ​ ២០២២ នេះ ក្រសួង​បរិស្ថាន​បាន​រកឃើញ​វត្តមាន​ប្រភេទ​សត្វព្រៃ​មាន​ដោយ​កម្រ ប្រភេទ​ជិត​ផុត​ពូជ ប្រភេទ​ទទួលរង​គ្រោះថ្នាក់ ប្រភេទ​ទទួលរង​ការគំរាម​កំហែង​ចំនួន​ ១០ ​ប្រភេទ រួមមាន ដំរី​អាស៊ី ខ្ទីង ប្រើស​ស្បូវ កែះ ខ្លាឃ្មុំ​តូច ខ្លាឃ្មុំ​ធំ ឆ្កែព្រៃ ជ្រូកពោន ឬ​ជ្រូកព្រុល សំពោច​ក​លឿង និង​ស្វា​ត្រោស រួមជាមួយ​ប្រភេទ​ថនិកសត្វ និង​បក្សី​មួយចំនួន​ទៀត​ក្នុង​តំបន់​ការពារ​ធម្មជាតិ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open