ស្ងាត់ៗអ្នកនាងចោម ចន្ទ័ និងអ្នកនាងដេននី ក្វាន់ បើកសម្ពោធហាងកែសម្ផស្សចោមចន្ទ័ដេននីក្វាន់
ភ្នំពេញ ៖ បន្ទាប់ពីកែសម្ផស្សទទួលបានជោគជ័យ សមតាមបំណងប្រាថ្នាហើយនោះ អ្នកលក់ផលិតផលអនឡាញដ៏ល្បីពីរនាក់បងប្អូនគឺអ្នកនាងចោម ចន្ទ័ និងអ្នកនាងដេននី ក្វាន់ បានសម្រេចចិត្តបោះទុនខ្ទង់សែនដុល្លារ បើកសម្ពោធមជ្ឈមណ្ឌលថែរក្សាសម្ផស្សដេនីក្វាន់ចោមចន្ទ័ កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២២នេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃបើកសម្ពោធមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អ្នកនាងចោម ចន្ទ័ ថា ដោយសារតែតម្រូវការការកែសម្ជស្សពេលបច្ចុប្បន្នមានការកើនឡើងទើបអ្នកនាងបោះទុន បើកមជ្ឈមណ្ឌលថែរក្សាសម្ផស្សផ្ទាល់ខ្លួន បែបស្តង់ដារបរទេស។ មូលហេតុខ្ញុំបើកដោយសារតែខ្ញុំ ធ្លាប់វះកាត់កែសម្ផស្សច្រើនដោយជោគជ័យ ហើយក៏មានការគាំទ្រច្រើនលើសលប់ពីសំណាក់បងប្អូន។
ទោះជាទើបបើកសម្ពោធថ្ងៃនេះក៏ដោយតែអតិថិជនសំរុក កក់យកប្រម៉ូស្សិនបញ្ចុះតម្លៃមុនអស់ជាង៤០០នាក់រួចហើយ។ ហាងថ្មីនេះ ត្រូវបានអ្នកនាងចោម ចន្ទ័ ចាត់ទុកថា ជាជំនួញរកស៉ីថ្មីមួយទៀត បន្ទាប់ពីការលក់ផលិតផលអនឡាញ។
សូមបញ្ជាក់ថា សម្រាប់អ្នកនាងចោម ចន្ទ័ នឹងអ្នកនាង ដេននី ក្វាន់ ត្រូវបានមហាជនមើលឃើញថា ទោះបីជាបច្ចុប្បន្ននេះ ស្ថានភាពប្រទេសជាតិត្រូវនឹងជួបវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ក្ដី ប៉ុន្តែគេសង្កេតឃើញបងប្អូនទាំងពីរនេះរូប ហាក់មិនបានប៉ះពាល់ដល់កម្រិតជីវភាពនោះឡើយ ពោលគឺមហាជនឃើញតែនាង និងក្រុមគ្រួសារពង្រីកការរកស៉ីជាបន្តបន្ទាប់។ ចំណែកក្នុងកិច្ចការងារមនុស្សធម៌ ដែលនាងធ្លាប់ធ្វើនៅក្នុងសង្គមនាងពេលកន្លងមក ក៏ហាក់នៅមានជាបន្តបន្ទាប់ ជាពិសេសគឺតាមស្រុកស្រែចំការ៕