ក្ដៅៗ ពេលនេះ អូមីក្រុងផ្ទុះដូចទឹកបាក់ទំនប់ ថៃប្រកាសអាសន្នឡើងដល់កម្រិតទី ៤
តាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះបានឱ្យដឹងថា ក្រសួងសុខាភិបាលថៃ បានដំឡើងការប្រកាសអាសន្នវីរុសកូវីដ-១៩ ឡើងដល់កម្រិតទី ៤ ជុំវិញការហក់កើនករណីឆ្លងវីរុសអូមីក្រុងខ្លាំងក្លាពាសពេញប្រទេស។
ទោះជាយ៉ាងណា បើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានបញ្ជាក់ដែរថា គ្មានការ lockdown ណាដែលនឹងនាំស្ថានការណ៍ផ្ទុះឆ្លងនាពេលបច្ចុប្បន្ន ឱ្យបញ្ចប់ទៅវិញនោះឡើយ។
កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ អ្នកនាំពាក្យក្រសួង Rungrueng Kijphati បានធ្វើការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថា មណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (EOC) របស់ក្រសួង គឺបានសម្រេចចិត្តនឹងដំឡើងកម្រិតប្រកាសអាសន្នពាសពេញប្រទេស រួមទាំងបង្កើនវិធានការទប់ស្កាត់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។
ការដំឡើងកម្រិតប្រកាសអាសន្ននេះដែរ គឺត្រូវបានធ្វើឡើងខណៈចំនួនករណីឆ្លងវីរុសកូវីដ-១៩ ថ្មី ករណីធ្ងន់ធ្ងរ រួមទាំងករណីស្លាប់នៅតែបន្តកើនឡើងឥតឈប់ឈរ។ ក្រោមវិធានការណ៍ប្រកាសអាសន្នថ្មីនេះដែរ ពលរដ្ឋក្នុងប្រទេសថៃទាំងអស់ គឺជំរុញឱ្យបំពេញកិច្ចការងារពីផ្ទះ បញ្ចៀសការធ្វើដំណើរឆ្លងកាត់ខេត្ត-ប្រទេស (បើមិនចាំបាច់) ពន្យារការធ្វើដំណើរក្រៅប្រទេស និងចៀសវាងការជួបជុំទ្រង់ទ្រាយធំ។
គួរបញ្ជាក់ដែរថា រយៈពេល ២៤ ម៉ោង ពោលគឺកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ប្រទេសថៃ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ថ្មីចំនួន ១៨ ៨៨៣ ករណី និងករណីស្លាប់ថ្មីចំនួន ៣២ ករណី៕