កុំបារម្ភ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានការបិទប្រទេស បិទរាជធានី ឬបិទផ្សារនោះឡើយ(មានវីដេអូ)

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមានភាពចាំបាច់ណាដែលត្រូវបិទរាជធានីភ្នំពេញ ឬបិទប្រទេសដូចកាលឆ្នាំ២០២១នោះឡើយ ដោយសារអត្រាស្រោចវ៉ាក់សាំងមានកម្រិតខ្ពស់។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់អ្នកដែលនិយាយខ្សឹបខ្សៀវថានឹងមានបិទទីក្រុង បិទប្រទេសឡើងវីញ គឺមិនមានទេ។ ក្នុងតំណែងជានាយករដ្ឋមន្ត្រី ដែលមានសិទ្ធិអំណាចពេញលេញ ក្នុងការបញ្ជាបិទ ឬបើក គឺខ្ញុំមិនអនុវត្តនូវវិធានការបិទខ្ទប់នោះទេ សូមបញ្ជាក់កុំឲ្យមានការជ្រួលច្របល់ទៅទិញឥវ៉ាន់ទុក»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចមិនសម្រេចបិទទីក្រុង ឬប្រទេសនេះ ដោយសារការចាក់វ៉ាក់សាំងមានអត្រាខ្ពស់ ដែលមិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព [អ្នកឆ្លងកូវីដ] រួមទាំងការអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ៣ការពារ ៣កុំ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ហើយចំពោះកូនៗដែលដល់អាយុចាក់វ៉ាក់សាំង សូមនាំកូនៗទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds