ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ៖ ការអភិវឌ្ឍសមត្ថភាពស្ត្រី នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អះអាងថា ការអភិវឌ្ឍសមត្ថភាពស្ត្រី ជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាព ដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយថ្នាក់ដឹកនាំស្ថាប័ន ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោកស្រី ជូ ប៊ុនអេង តំណាង លោកស្រី អ៊ឹង កន្ថាផាវី ជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីបានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយថ្នាក់ដឹកនាំស្ថាប័ន ។ ពីឆ្នាំ២០២០-២០២១ ស្ត្រីចំនួន២២៣៥ នាក់ នៃចំនួនអ្នកចូលរួមសរុប ៣៨៧១នាក់ បានចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស”។
រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍ សមត្ថភាពមន្ត្រីកិច្ចការនារី ក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូល ទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។ ក្រសួងបានបើកវគ្គតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងតួនាទីស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងភារកិច្ចរបស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ អ្នកចូលរួម ១,១២៣ នាក់(ស្រ្តី៨៤០នាក់)»។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី តែងតែបើកកិច្ចប្រជុំជាទៀងទាត់ រៀងរាល់មួយឆ្នាំម្តង៕