ឃាត់ខ្លួន​មនុស្ស​ ៨ ​នាក់ នៅខណ្ឌចំការមន ​សង្ស័យថា ជា​បទល្មើស​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់

ភ្នំពេញ៖ កាលពីជិតភ្លឺឈានចូល​ថ្ងៃទី​ ១៦ ​កុម្ភៈ នេះ នគរបាល​បង្ក្រាប​​ទីតាំង​សណ្ឋាគារ​មួយកន្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​មនុស្ស​ ៨ ​នាក់ ដែល​សង្ស័យថា ជា​បទល្មើស​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់​។

មន្ត្រីនគរបាល​ខណ្ឌចំការមន​មួយរូប​​សុំ​មិន​បញ្ចេញ​ឈ្មោះថា ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​ ៤ ​នាក់ និង​ជនជាតិខ្មែរ​ដែលជា​បុគ្គលិក​នៅក្នុង​សណ្ឋាគារ​នោះ​ចំនួន​ ៤ ​នាក់​។ ពួកគេ កំពុង​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​យកទៅ​សាកសួរ​ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​។

យោងតាម​កំណត់ហេតុ​បិទ​ទីតាំង​បណ្តោះអាសន្ន​របស់​គណៈកម្មការ​ចម្រុះបាន​បង្ហាញថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​លោក​ ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្របសម្រួល​ផ្លូវច្បាប់​។

បើតាម​កំណត់ហេតុបានអោយដឹងថា កាលពី​វេលា​ម៉ោង ​២ កន្លះ​ជិត​ភ្លឺ​ឈានចូល​ថ្ងៃទី​ ១៦ កុម្ភៈ ឆ្នាំ​ ២០២២ កម្លាំង​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​បទល្មើស​ជាក់ស្តែង​។ ចំពោះ​ទីតាំង​ដែល​បង្ក្រាប​នោះ​ស្ថិតនៅ​ចំណុច​សណ្ឋាគារ​ខលល័រ ​(Color)​ ផ្លូវ​សុធារស សង្កាត់​ចតុមុខ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

កំណត់ហេតុ​បន្តថា​៖ «​បាន​ចុះ​ធ្វើការ​បង្ក្រាប​ក្នុង​បទល្មើស​ជាក់ស្តែង​នៅ​ទីតាំង​ខាងលើ​ដែល​ពាក់ព័ន្ធ​បទល្មើស​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ធ្វើ​ទារុណកម្ម​ដើម្បី​ជំរិត​ទារប្រាក់​។ បន្ទាប់ពី​ការពិនិត្យ​ជាក់ស្តែង​មក សមត្ថកិច្ច​សម្រេច​បិទ​ទីតាំង​ជា​បណ្តោះអាសន្ន​រង់ចាំ​ការសម្រេច​ជា​ក្រោយ​»​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds