ក្រសួងវប្បធម៌ ប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ នូវពាក្យសំដីរបស់លោកបណ្ឌិតគឹម ហ៊ាង

ភ្នំពេញ ៖ បន្ទាប់ពីលោក គឹម ហ៊ាង អ្នកជំនួញដីធ្លីមួយរូប ដែលលើកឡើងនូវទស្សនវិស័យរបស់ខ្លួន ប្រើប្រាស់សំដីវាយប្រហារទាក់ទងទៅនឹងការអភិរក្ស និងអភិវឌ្ឍ នៃតំបន់សៀមរាប អង្គរ និងវិធាននៃការការពារបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ នូវពាក្យសំដីដែលគ្មានការទទួលខុសត្រូវ។

ក្រសួងបានអោយដឹងថា ការប្រើប្រាស់សំដីវាយប្រហារ មិនមានការទទួលខុសត្រូវ និងគ្មានការសិក្សាស្រាវជ្រាវយល់ដឹងគ្រប់ជ្រុងជ្រោយ ខ្វះខាតចំណេះដឹងលើផ្នែកកិច្ច ការពារបេតិកភណ្ឌពិភពលោក ដោយសម្លឹងឃើញតែមួយជ្រុងទៅលើវិស័យអចលនទ្រព្យ ដើម្បីតែផលចំណេញ នៃមុខជំនួញខ្លួន ដោយបំភ្លេចចោលនូវតម្លៃនៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញឱ្យមានចលនាទិញ លក់ដូរ អចលនទ្រព្យកាន់តែខ្លាំងក្លាឡើង ក្នុងតំបន់សៀមរាប អង្គរ ដែលអាចនាំដល់ការរីករាលដាលសំណង់អណាធិប តេយ្យក្នុងតំបន់រមណីយដ្ឋានការពារ និងតំបន់ជុំវិញនានា។

ក្រសួងចាត់ទុកពាក្យសម្តីនេះ បានធ្វើឱ្យប៉ះពាល់ទៅលើកិច្ចខិតខំ ប្រឹងប្រែងការពារ ថែរក្សា និងអភិរក្ស របស់ឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ គ្រប់ជំនាន់ ជាពិសេសការខិតខំ របស់រាជរដ្ឋាភិបាល ដែលបានសហការជាមួយអង្គការយូណេស្កូ តាមរយៈការជំរុញ និងគាំពារឱ្យបង្កើតយន្តការ អន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ី ស៊ី-អង្គរ (ICC-អង្គរ)។

នៅក្នុងលិខិតដដែលបន្តថា ដីធ្លីខេត្តសៀមរាប ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត ស្របតាមលក្ខខណ្ឌដែលអង្គការ យូណេស្កូកំណត់ និងតម្រូវឱ្យរដ្ឋសមាជិករៀបចំអនុលោមតាមកិច្ចការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ។

ទាំងអស់នេះ សុទ្ធតែបានបង្កើតឡើងដោយមានការគិតគូរគ្រប់ជ្រុងជ្រោយ ទៅលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច នយោបាយ និងការទូត ដោយផ្តោតទៅលើកិច្ចការពារបេតិកភណ្ឌវប្បធម៌ មរតកដូនតា ជាពិសេសទៅ លើរចនាបទ កម្ពស់ ការរីករាលដាលសំណង់អណាធិបតេយ្យក្នុងតំបន់ការពារ និងតំបន់ជុំវិញ ក្នុងគោលដៅ ការពារ ថែរក្សា អភិរក្ស អភិវឌ្ឍ និងលើកតម្លៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងខេត្តសៀមរាប។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តថា ការអភិរក្ស និងអភិវឌ្ឍក្នុង តំបន់បេតិកភណ្ឌពិភពលោក គឺជាយន្តការនៃការរក្សាលំនឹងមួយយ៉ាងប្រុងប្រយ័ត្ន និងត្រូវគោរពជាដាច់ខាតនូវ គោលការណ៍ច្បាប់ បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ រួមទាំងក្រឹត្យក្រម និងការអនុវត្តនានាដែលមានជាធរមាន ដើម្បីធានាដល់ការអភិវឌ្ឍមួយប្រកបដោយចីរភាព និងរក្សាឱ្យបានជាដាច់ខាតនូវកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក និងក៏ជាកិត្យានុភាពរបស់ជាតិ និងប្រជាជនកម្ពុជាលើឆាកអន្តរ ជាតិផងដែរ។

ក្នុងន័យនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងណែនាំឱ្យបុគ្គលរូបនេះ ត្រូវបញ្ឈប់ជាបន្ទាន់ នូវពាក្យសំដីដែលគ្មានការទទួលខុសត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ ដើម្បី បញ្ចៀសនូវការយល់ច្រឡំ និងជំរុញនូវការជួញដូរដីធ្លី ក្នុងតំបន់សៀមរាប អង្គរ ដែលនឹងអាចបង្កើតនូវចលាចល សង្គមជាយថាហេតុណាមួយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds