អគ្គស្នងការរង​​នគរបាល​ទាំងអស់​មិនត្រូវ​ប្រើអំណាច រំលោភបំពាន​លើ​ពលរដ្ឋ​ស្លូតត្រង់ជាដាច់ខាត

ភ្នំពេញ៖ ថ្លែងក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​សន្ដិសុខ​ផ្ទៃក្នុង និង​វគ្គ​បំប៉ន​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៅ​សាលា​នគរបាលជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច កាលពីពេលថ្មីៗ នេះអគ្គស្នងការរង​នគរបាល​ជាតិ​លោក ឆៃ ស៊ីណារិទ្ធ បាន​ក្រើនរំឭក​ដល់​នគរបាល​ទាំងអស់​ត្រូវ​អនុវត្ដ​ប្រតិបត្តិ​ទៅតាម​ច្បាប់ ហើយ​មិនត្រូវ​ប្រើប្រាស់​សិទ្ធិអំណាច រំលោភបំពាន​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​មិនបាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ដាច់ខាត​។

លោក ឆៃ ស៊ីណារិទ្ធ បញ្ជាក់ថា​៖ «មន្ដ្រីនគរបាល​មិនត្រូវ​រំលោភបំពាន​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​មិនបាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ជាដាច់ខាត​។ កងកម្លាំង​នគរបាល​ជា​មន្ដ្រី​អនុវត្ត​ច្បាប់ ត្រូវតែ​យល់ដឹង​ច្បាស់​អំពី​ច្បាប់​គោរព​អនុវត្ត​ប្រតិបត្តិ​ច្បាប់ និង​ធ្វើជា​គំរូ​លើ​ការអនុវត្ត​ច្បាប់​»«យើង​មិនត្រូវ​អាង​លើ​សិទ្ធិអំណាច​ណាមួយ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ឬ​អ្នក​ស្លូតត្រង់ អ្នក​ដែល​មិនមាន​កំហុស អ្នក​ដែល​មិនបាន​ប្រព្រឹត្ត​អំពើ​ណា​ដែល​រំលោភបំពាន​ច្បាប់​»

​អគ្គ​ស្នងការរង​រូបនេះបន្ថែមថា មនុស្ស​មួយចំនួន​បាន​ប្រព្រឹត្ត​កំហុស​ហើយ​មិនបាន​ទទួលស្គាល់​កំហុស​នោះទេ ពោល​គាត់​តែងតែ​ដោះ​បន្ទុក​នូវ​អ្វីដែល​គាត់​បាន​ប្រព្រឹត្ត ដូច្នេះ​មន្ដ្រីនគរបាល​ត្រូវតែ​យល់ច្បាស់​អំពី​ច្បាប់ ពិសេស​អ្វី​ដែលជា​ធាតុ​ផ្សំ​នៃ​បទល្មើស ភ័ស្ដុតាង ដើម្បី​កុំឱ្យ​មនុស្ស​ខិលខូច​មួយចំនួន​រួច​ផុតពី​ច្បាប់ ក្រោយពី​បាន​ប្រព្រឹត្ត​ខុសច្បាប់​។

«យើង​ធ្វើ​កិច្ចការងារ​ជំនាញ យើង​ត្រូវ​សិក្សា​ឱ្យដល់​ឫសគល់​របស់​វា សំដៅ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ការអនុវត្ត​វិធានការ​ច្បាប់​ទៅលើ​បុគ្គល​ដែល​ប្រព្រឹត្ត​នូវ​បទល្មើស ជា​ជន​ទុច្ចរិត​ឱ្យ​ត្រូវ​ទៅនឹង​ទម្រង់​ទាំងអស់នេះ​»។ បន្ថែម​ពីនេះ លោក ឆៃ ស៊ីណារិទ្ធ ក៏បាន​ណែនាំ​ដល់​មន្ដ្រី​នគរបាល​ទាំងអស់ «ត្រូវ​ចូលរួម​ថែរក្សា​សន្ដិភាព ដែល​ស្វែង​រកបាន​ដោយ​លំបាក ព្រោះ​បើ​គ្មាន​សុខសន្ដិភាព គឺ​គ្មាន​ការអភិវឌ្ឍ​នោះឡើយ​»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឆៃ ស៊ីណារិទ្ធ ។

លោក​លើកឡើង​ទៀតថា ក្នុង​នាម​កងកម្លាំង​នគរបាលជាតិ​មិនត្រូវ​ក្បត់​មនសិកា មិនត្រូវ​ក្បត់​ឧត្តមគតិ​ប្រទេសជាតិ មិន​ត្រូវ​ក្បត់​ផលប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​នោះទេ ហើយ​អ្វី​ដែលមាន​សព្វថ្ងៃនេះ គឺ​ត្រូវខិតខំ​ការពារ​ទាំងអស់គ្នា​។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds