ខឹងស្តីអោយរឿងមានសង្សារ ចៅស្រីចិត្តឆៅលើកដៃប្រហ-ារយាយញាត់ធុងសំរាម គ្មានស្រណោះ
(ថៃ)៖ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុការណ៍បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅតាមបណ្តាញសង្គមមួយចំនួនក្នុងប្រទេសថៃ ដោយគេបានប្រទះសពស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានគេសម្លាប់ញាត់ធុងសំរាម រួចយកមកចោលក្នុងព្រៃយ៉ាងមិនគួរឱ្យនឹកស្មាន។
តាមព័ត៌មានបានឱ្យដឹងថា សពស្រ្តីចំណាស់ម្នាក់នេះ មានអាយុ ៦២ ឆ្នាំ ហើយត្រូវបានគេប្រទះឃើញនៅតំបន់ព្រៃមួយកន្លែងនាខេត្តសុផាន់បុរី ប្រទេសថៃ។ ការប្រទះនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកភូមិនៅក្បែរនោះ ជាពិសេសខាងប៉ូលិសក៏បានខ្វែងដៃខ្វែងជើងចុះមកស៊ើបអង្កេតដូចគ្នា។
ក្នុងការស៊ើបអង្កេតនេះ គេចាប់បានតាមកាមេរ៉ាសុវត្ថិភាពនៅក្បែរនោះ បង្ហាញឱ្យឃើញថា មានរថយន្តមួយបាំងកន្លះមួយ បានជិះនាំយកធុងសំរាម មកចោលនៅកន្លែងប្រទះសពនេះ។
យ៉ាងណាមិញ ដោយការស៊ើបអង្កេតប្រមូលភស្តុតាងជារឿយៗ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ខាងប៉ូលិសក៏កំណត់អត្តសញ្ញាណរបស់ជនគ្រោះបាន និង ថែមទាំងក្របួចជនសង្ស័យថែមទៀតផង។ ក្នុងនោះស្ត្រីចំណាស់រូបនេះ តាមពិតទៅជាអ្នកខេត្តសរៈបុរី តែតាមមកនៅផ្ទះជួលជាមួយចៅស្រីវ័យ ១៨ ឆ្នាំ នៅខេត្តណាក់ខនរាចៈសីម៉ា ហើយតាមពិតទៅឃាតកដៃដល់ គឺជាចៅស្រីនេះឯង។
តាមការលម្អិតបានឱ្យដឹងថា នៅថ្ងៃកើតហេតុ នាងបានឈ្លោះទាស់ពាក្យសម្តីជាមួយយាយរូបនេះ ដែលប្រហែលដោយសារតែរឿងនាងមានសង្សារមុនរៀនចប់ ទើបធ្លោយរហូតដល់ការលើកដៃសម្លាប់គាត់បែបនេះ។ ដោយសារតែភ័យពេក នាងក៏បានតេហៅសង្សារមកជួយញាត់សពរបស់យាយចូលធុងសំរាមរួចយកទៅចោលជាមួយគ្នាតែម្តង។
យ៉ាងណាមិញ តាមពិតទៅនាងមិនមែនជាចៅស្រីបង្កើតនោះទេ ដោយស្រ្តីចំណាស់រូបនោះបានយកម្តាយរបស់នាងមកចិញ្ចឹមតាំងពីតូច ហើយសូម្បីតែនាងក៏ត្រូវយាយចិញ្ចឹមបីបាច់មកតាំងពីតូចដូចគ្នា តែមិននឹកស្មានថា នាងភ្លេចបុណ្យភ្លេចគុណ បែរហ៊ានលើកដៃប្រហារគាត់ដូច្នេះ៕