សម្តេចតេជោ ហួសចិត្តចំពោះអ្នកដែលថាសម្តេចយកលុយទិញ ពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិកនៃពានរង្វាន់សន្តិភាពស៊ុនហាក់
ភ្នំពេញ ៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធស្ពាន ៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះសម្តេចតេជោ សម្តែងការហួសចិត្តចំពោះមនុស្សមួយចំនួន ដែលថា សម្តេចយកលុយទៅទិញ ពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (The Founder’s Special Honorary Award of the Sunhak Peace Prize)។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្តល់ពានរង្វាន់នេះ គឺសម្រាប់ដល់បុគ្គលមានស្នាដៃរួមចំណែកកសាងសន្តិភាព និងមានគណៈកម្មការវាយតម្លៃត្រឹមត្រូវ។ សម្តេចអះអាងថា សម្តេចមិនមានអ្វីចាំបាច់ ដើម្បីយកលុយទៅទិញពាននេះឡើយ ហើយពាននេះក៏មិនមែនបង្កើតឡើងសម្រាប់ទិញលក់នោះដែរ។
សម្តេចតេជោ បន្តថា៖ «ប្រធានគណៈកម្មការវាយតម្លៃសម្រាប់អ្នកត្រូវទទួលពានរង្វាន់ គឺអតីតនាយករដ្ឋមន្ត្រី ព័រទុយហ្កាល់ ហើយក៏ជាអតីតស្នងការអឺរ៉ុប។ អញ្ចឹងមិនមែនបានន័យថា អង្គការនោះសម្រេចតែម្នាក់ឯង បានគាត់ផ្តល់ឲ្យនោះទេ […] មានអ្នកខ្លះថា ខ្ញុំយកលុយទៅទិញ។ តើខ្ញុំចាំបាច់ណាស់ទៅ ដើម្បីបានវាយកមកពាក់? ខ្ញុំមានលុយឯណាទៅទិញ? ហើយគេបង្កើតឡើង មិនមែនដើម្បីទិញលក់នោះទេ»។
ពានរង្វាន់សន្តិភាពស៊ុនហាក់ (The Sunhak Peace Prize) និងពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (The Founder’s Special Honorary Award of the Sunhak Peace Prize) មានអត្ថន័យខុសគ្នា។
ពានរង្វាន់សន្តិភាពស៊ុនហាក់ (The Sunhak Peace Prize) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដើម្បីផ្តល់កិត្តិយសដល់បុគ្គល និងស្ថាប័ននានា ដែលបានរួមចំណែកដ៏អស្ចារ្យដល់សន្តិភាព និងសុខុនមាលភាពសកល ដែលទាក់ទងជាមួយកត្តាមួយ នៅក្នុងកត្តាសំខាន់ៗទាំង៣ គឺ ការអភិវឌ្ឍមនុស្សប្រកបដោយចីរភាព ការដោះស្រាយជម្លោះ ឬការអភិរក្សអេកូឡូស៉ី៕