លោកសុខ រ៉ាស៊ី ៖ លោកអៀង ចេនឡា មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ និយាយលែងដឹងអី រវើរវាយបាត់បង់ការចងចាំ

ភ្នំពេញ៖ ពិធីករលោកសុខ រ៉ាស៊ី បានទម្លាយរឿងបងប្រុសបង្កើតគឺលោកអៀង ចេនឡា មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ និយាយលែងដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ។ ការទម្លាយនេះ ក្រោយពីបងប្រុសរបស់លោកខកខានក្នុងការចេញច្រៀង និងសម្តែងមួយរយៈចុងក្រោយនេះ។

លោករ៉ាស៊ី បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ថា ”បងប្រុសខ្ញុំគាត់ឈ្មោះ៖ អៀង ចេនឡា គាត់ជាតារាចម្រៀង ពេលនេះគាត់ឈឺធ្ងន់ ជំងឺរលាកស្រោមខួរក្បាល និយាយលែងដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ សូមអធ្យាស្រ័យផង សម្រាប់បងប្អូនអ្នកហៅគាត់ធ្វើការងារទាំងប៉ុន្មាន”។

សារភ្ជាប់ជាវីដេអូបង្ហាញពីសភាពស្ថានភាពជំងឺរបស់តារាកំប្លែងរូបនេះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ផងដែរ។ ដំណឹងនេះបានបង្កើតឱ្យមានការភ្ញាក់ផ្អើលនិងថ្លែងក្តីអាណិតគ្រប់ៗគ្នាទៅកាន់តារាកំប្លែងរូបនេះជាពន់ពេក និងមានការបន់ស្រន់សុំឱ្យគាត់ឆាប់ជាសះស្បើយ។

គួរបញ្ជាក់ដែរថា កាលពីចុងឆ្នាំ២០២១ តារាសម្តែង លោក អៀង ចេនឡា ធ្លាប់បានទម្លាយអំពីជំងឺប្រចាំកាយគឺជំងឺទឹកចូលសួតរហូតត្រូវសង្គ្រោះបន្ទាន់ និងបណ្តាលឱ្យលោកស្រកសាច់ជាងមុនហើយនៅតែបន្តប្រឹងប្រែងចេញថតទាំងមានជំងឺ។ លោក អៀង ចេនឡា ត្រូវគ្រូពេទ្យបូមទឹកចេញពីសួតដើម្បីបន្ថយអាការៈនៃការក្អក និងថប់ដង្ហើម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds