អ្នកនាំពាក្យក្រសួងសុខាភិបាល បន្តអំពាវនាវឲ្យពលរដ្ឋ កុំមើលស្រាលវីរុសបំប្លែងថ្មី អូមីក្រុង

ភ្នំពេញ ៖ បន្ទាប់ពីករណីឆ្លងក្នុងសហគមន៍ប្រភេទវីរុសបំប្លែងថ្មី បានកើនឡើងជាបន្តបន្ទាប់ជាថ្មីម្តងទៀត លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្តអំពាវនាវសូមឲ្យប្រជាពលរដ្ឋគ្រប់រូប កុំមើលស្រាលវីរុសបំប្លែងថ្មី អូមីក្រុង ឲ្យសោះ សូមបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាមួយនឹងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដែលអាចជួយអាយុជីវិតបាន។

លោកស្រីបានអោយដឹងថា «ក្រសួងសុខាភិបាលបានអំពាវនាវហើយអំពាវនាវទៀត វិធានការក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយដែរ នៅឡើយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឬដូសជំរុញនេះ ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន»។

អ្នកនាំពាក្យរូបនេះបន្តថា នៅតាមបណ្តាប្រទេសមួយចំនួនលើសាកលលោក និងក្នុងតំបន់មានរកឃើញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានកម្ពុជាយើងដែរ ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កើតមានរួចហើយដែរ នៅលើអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬចាក់មិនគ្រប់ដូស។ ដូច្នេះមិនត្រូវមើលស្រាលលើលទ្ធភាពវៃលុកនៃវីរុសអូមីក្រុង នាពេលនេះឱ្យសោះ។

អូមីក្រុងបាន និងកំពុងឆ្លងនៅក្នុងសហគមន៍ ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រើតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រើនពេក ខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ហើយឱ្យតែយើងធ្វេសប្រហែស លទ្ធភាពនៃការឆ្លង គឺមានខ្ពស់ហើយ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open