លោកជំទាវ ឱ វណ្ណឌីន សង្កេតផ្ទាល់ខ្លួនឃើញថា មូលហេតុមានករណីឆ្លងវីរុសកូវីដ ប្រភេទអូមីក្រុង កើនឡើងច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺដោយសារកត្តានេះ (មានវីដេអូ)
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ យោងតាមប្រសាសន៍ផ្ទាល់របស់ ជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងពីសន្ទុះការកើនឡើងច្រើននៃវីរុសកូវីដ-១៩ បំម្លែងថ្មី អូមីក្រុង។
ដោយលោកជំទាវ ឱ វណ្ណឌីន បានសង្កេតផ្ទាល់ខ្លួនថា គឺបណ្ដាលមកពីការជួបជុំគ្នាច្រើន ដូចជាពិធីបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍ កាន់តែមានសន្ទុះកើនឡើងច្រើន ហើយការចាត់ចែងពិធីបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍នេះ មានការប្រមូលផ្ដុំនូវមនុស្សជាច្រើនកុះករផងដែរ ទោះបីជាអ្នកចូលរួមមានការពាក់ម៉ាស់ ក៏នៅពេលដែលទទួលទានអាហារ អង្គុយក្បែរៗគ្នាមួយតុ ១០-១២នាក់ ក៏ត្រូវតែដកម៉ាស់ពេលទទួលទាន ចាប់ផ្ដើមនិយាយគ្នា ដែលជាហេតុបង្កឲ្យវីរុសចម្លងលឿននិងរហ័ស ដូច្នេះហើយទើបយើងសង្គេតថា មួយរយៈចុងក្រោយនេះ ដោយសារកំណើននៃការជួបជុំនឹងវាច្រើន ហើយការចម្លងកើនឡើងសមាមាត្រគ្នាដែរ។
កន្លែងនេះ សូមទាញអារម្មណ៍ទៅដល់បងប្អូនសាធារណៈទាំងអស់ សមស្របទៅនឹងបរិបទកំពុងតែរៀនរស់ ជាមួយនឹងវីរុសកូវីដ-១៩ហើយ ក៏ប៉ុន្តែមិនមែនមានន័យថា យើងត្រូវបំភ្លេចចោលនូវវិធានការការការពាររបស់យើងទាំងអស់នោះទេ ជាពិសេសលើវិធានការ “៣ការពារ និង៣កុំ”។ បច្ចុប្បន្ន ៣ការពារមានការអនុវត្តខ្លះ ប៉ុន្តែក៏មាន អ្នកដែលពាក់ម៉ាស់មានការថយចុះទៅហើយ ចំណែក៣កុំគឺឃើញថា នៅខ្វះច្រើនណាស់ ដូច្នេះហើយគឺត្រូវបន្តទាំងអស់គ្នា ដើម្បីរក្សាបាននូវនិរន្តរភាព ការរស់នៅប្រចាំថ្ងៃរបស់យើងឲ្យមាននិរន្តរភាពល្អ ព្រោះបើមានការឆ្លងវីរុសច្រើនពេក ផលប៉ះពាល់ក៏កើតឡើងច្រើនដែរ។
ដោយផលប៉ះពាល់នេះ គឺមិនអាចមើលរំលងបានទេ ថាតើអាចនឹងមានភាពធ្ងន់ធ្ងរប៉ុណ្ណា អាស្រ័យលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងនេះគឺជារឿងសំខាន់ក្នុងកាលៈទេសៈ បូកជាមួយវិធានការ ៣ការពារ និង ៣កុំនេះ ហើយបូកជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ និងដូសទី៤ ឬក៏អ្នកដែលមិនទាន់បានចាក់ដូសទី១ សូមអញ្ជើញទៅចាក់ ហើយនឹងអ្នកដល់ថ្ងៃត្រូវចាក់ដូសទី២ ក៏សូមអញ្ជើញចាក់ដូសទី២ ជាពិសេសអ្នកត្រូវចាក់ដូស៣ ត្រូវខិតខំធ្វើយ៉ាងនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រាប់ៗគ្នា ដើម្បីសុខាភាពរបស់បងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសអូមីក្រុង ៕ ប្រភព៖ ទទក